នោះ! រកឃើញ ស្ពៃកំប៉ុង ទឹកក្រូចម៉ាក FANTA និងទឹកក្រូចម៉ាក BIG ហួសកាលបរិច្ឆេទ នៅផ្សារកំពង់ធំ

December 04, 2018 141

កំពង់ធំ ៖ ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទដាក់លក់ នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញនៅផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ។

មន្រ្តីកាំកុងត្រូលបានបន្តថា ក្រុមការងារបានរកឃើញទំនិញ ហួសកាលបរិច្ឆេទ ដូចជា៖ ១- ស្ពៃកំប៉ុង ម៉ាកស្រីបីនាក់ ចំនួន២៦កំប៉ុង ផលិតនៅប្រទេសថៃ។ ទី២- ទឹកក្រូចម៉ាក FANTA ចំណុះ១,៥ml ចំនួន១២ដប ផលិតនៅប្រទេសថៃ ៣- ទឹកក្រូចម៉ាក BIG ចំណុះ ៣,១ ml ចំនួន ២ដប ផលិតនៅប្រទេសថៃ។

មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ បានធ្វើកំណត់ហេតុ ដកហូត យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនាពេលខាងមុខ។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់៕

Loading...