ក្ដៅៗ! សង្វៀនជល់មាន់ទ្រង់ទ្រាយធំ ត្រូវប៉ូលិសខណ្ឌជ្រោយចង្វា ចុះរុះរើ

December 07, 2018 173

ភ្នំពេញ ៖ សង្វៀនជល់មាន់ទ្រង់ទ្រាយធំមួយកន្លែង នៅសង្កាត់កោះដាច់ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដឹកនាំដោយអភិបាលរង២រូប ក្រោមបញ្ជាផ្ទាល់របស់លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានចុះរុះរើដែលក្រុមញៀនល្បែងជួលដីគេលួចលាក់ជល់មាន់ទ្រង់ទ្រាយតូចជាយូរមកហើយ គ្មានអ្នកណាបង្ក្រាបក៏ធ្វើជាទ្រង់ទ្រាយធំ។

ការរុះរើសង្វៀនជល់មាន់នេះ បានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះរុះរើរោងជល់មាន់នេះ ដឹកនាំដោយ​ លោក ហ៊ុយ​ សារុណ​ និង លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ក្រុមប្រឹក្សាសង្កាត់-ភូមិ កម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់ ជាច្រើននាក់។

ប្រភពបានឲ្យដឹងថា សង្វៀនជល់មាន់នេះ មុនៗគេបញ្ជល់មាន់៣ទៅ៤គូលួចលាក់ជាទ្រង់ទ្រាយតូចទេ តែដល់គ្មានអ្នកបង្ក្រាប ក៏រៀបចំជាទ្រាយទ្រាយធំ ក៏ដឹងដល់លោក ឃ្លាំង ហួត ភ្លាមៗនោះ លោកបានបញ្ជាឲ្យអភិបាលរង២នាក់ ដឹកនាំកម្លាំងទៅរុះរើចេញតែម្តង។

សម្ភារៈដកហូត៖ សំណង់រោងឈើប្រក់កៅស៊ូតង់នៅដីឡូតិ៍មួយកន្លែង របស់ឈ្មោះ សុខ ពិសៀង និងឈ្មោះ សុខ ពិសិដ្ឋ ជាបងប្អូនបង្កើត ស្ថិតនៅភូមិក្បាលកោះ ដែលបានជួលដីរបស់ខ្លួនឲ្យទៅឈ្មួញបើកទីតាំងជល់មាន់លក្ខណៈទ្រង់ទ្រាយធំ ពេលនោះក្រុមការងារបានរុះរើនិងដកហូតសម្ភារៈមកទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងបានកោះអញ្ជើញម្ចាស់ដីទាំង២នាក់បងប្អូន មកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត៕

Loading...