ជិះឌុបគ្នាចេញពីផឹក​បោះពួយយ៉ាងលឿន ទៅបុករ៉ឺម៉កកង់បី បណ្ដាលឲ្យម្ចាស់រ៉ឺម៉កស្លាប់មួយរំពេច

December 11, 2018 156

ភ្នំពេញ ៖ បុរសម្នាក់ បានបាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ ជាមួយម៉ូតូកង់បី កាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងចិន(យីហោ សានតាវ័ន) តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1H-6003 មានឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី អាស័យដ្ឋាន ភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ មានស្រុកកំណើតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកខាងម្ចាស់ម៉ូតូ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណនោះទេ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ (អ្នករងរបួសស្រាលបានចេញពីកន្លែងកើតហេតុបាត់) ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់ (Honda Dream) ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-9493។

តាមប្រភពពីយុវជនម្នាក់ ដែលរងរបួលស្រាល បានឲ្យដឹងថា មុនកើតហេតុ ពួកគេទាំងពីរនាក់ បាននាំគ្នាផឹកស៊ីមួយកន្លែង នៅម្តុំផ្សារដីហុយ លុះបានផឹកស៊ីរួចរាល់ហើយ ក៏នាំគ្នាជិះម៉ូតូត្រឡប់ ទៅកន្លែងស្នាក់នៅវិញ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោង ចំណុចកើតហេតុ កាច់ចង្កូតមិនទាន់រេចង្កូតចូលមកចំណីផ្លូវម្ខាងទៀត ទៅបុកម៉ូតូកង់បីដែលកំពុងបើកបរដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូកង់បី ធ្លាក់ពីលើកង់បី បោកផ្ទប់ទៅនិងថ្នល់បែកក្បាល បាក់កស្លាប់ភ្លាមៗ នៅនិងកន្លែង ចំណែកខាងម៉ូតូបង្ក រងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្តោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានមិត្តភក្តិ ជិះម៉ូតូមកដឹកយកចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងយកម៉ូតូកង់បី និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។ ចំណែកសាកសព ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕

Loading...