មេបក្សប្រឆាំង​ម្នាក់​ អំពាវនាវ “ធ្វើបដិវត្តន៍ប្រជាជន” ក្រោយ​ឃើញ​ក្រុម​បាតុករបារាំង ​មិន​ទាន់ពេញ​ចិត្ត​អ្វីដែលលោកម៉ាក្រុង ផ្តល់ឲ្យ

December 11, 2018 127

ប៉ារីស ៖ សារព័ត៌មាន Russian Today (RT) នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា ការធ្វើសម្បទាន​របស់ប្រធានាធិបតី​បារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានធ្វើឲ្យ​ក្រុមបាតុករ​អាវកាក់​ពណ៌លឿង ស្ងប់ចិត្តនោះទេ ខណៈក្រុម​អ្នកនយោបាយ​ប្រឆំាងមួយចំនួន​នៅក្នុងប្រទេស​បារាំង ដូចជាលោក ហ្សង់ លុច មេឡង់ឆុង (Jean-Luc Mélenchon) បានឆ្លៀតអំពាវនាវ​ឲ្យមានការធ្វើបដិវត្តន៍​ប្រជាជន (citizen’s revolution) រហូតដល់ការចែករំលែកប្រកប ដោយតម្លាភាពត្រូវបានសម្រេចឡើង។

ការអំពាវនាវរបស់លោក Mélenchon ធ្វើឡើងភ្លាមៗ​បន្ទាប់ពី​លោក ម៉ាក្រុង ប្រកាសពីភាព​អាសន្នផ្នែកសេដ្ឋកិច្ច និងសង្គម​នៅក្នុង​ប្រទេសបារាំង ក៏ដូចជាផ្ដល់សម្បទាន​មួយចំនួនជាការឆ្លើយតប​ ទៅនឹងការទាមទារ​របស់ក្រុមបាតុករ​អាវកាក់ពណ៌​លឿង។ លោក Mélenchon បាន​សរសេរ​នៅលើ Twitter លោកយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការធ្វើបាតុកម្ម​តវ៉ាជាលើកទី៥ នៃបដិវត្តន៍ប្រជាជននៅ​ក្នុងប្រទេសរបស់យើង​ នៅថ្ងៃសៅរ៍ចុង​សប្ដាហ៍នេះ នឹងក្លាយជាពេល​វេលាមួយ​ដ៏អស្ចារ្យ... ប៉ុន្តែជាការ​ពិតណាស់ ខ្ញុំចង់ឲ្យការ​សម្រេចចិត្តណា​មួយ គឺត្រូវបានធ្វើឡើង​ដោយប្រជាជន​បារាំង»។

គួរបញ្ជាក់ថា លោក ម៉ាក្រុង បានសន្យា​នៅក្នុងសុន្ទរកថា​​តាមកញ្ចក់ទូរទស្សន៍​នៅថ្ងៃចន្ទសប្ដាហ៍នេះ​ថា ប្រាក់ឈ្នួលអប្បបរមា​នឹងត្រូវបានបន្ថែម ១០០​អឺរ៉ូ ក្នុងមួយខែ​ចាប់ពីឆ្នាំ២០១៩ តទៅ។ លើសពីនេះទៅទៀត គម្រោងតំឡើងពន្ធសម្រាប់និវត្តន៍ជន​ដែលមានប្រាក់ចំណូលទាប​នឹងត្រូវលុបចោល រីឯប្រាក់បន្ថែម​ម៉ោងក៏មិនត្រូវជាប់ពន្ធដែរ ខណៈនិយោជកត្រូវបានលើក​ទឹកចិត្ត ឱ្យផ្ដល់ប្រាក់​ឧបត្ថម្ភ​បំណាច់ឆ្នាំដល់​​នាយាជិក ដែលជាប់ពន្ធ។

ដោយឡែក ជុំវិញការធ្វើបាតុកម្មតវ៉ាឯណោះវិញ ក្រសួងមហា​ផ្ទៃបារាំង បានឲ្យដឹងថា មនុស្សច្រើនជាង៤,៥០០នាក់ត្រូវបាន ចាប់ខ្លួន ហើយក្នុង​នោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស​០៤នាក់ហើយបានស្លាប់ គិតចាប់តាំងពីបាតុកម្ម បាន​ផ្ទុះឡើងកាល​ពីថ្ងៃទី១៧ ខែវិច្ឆិកាមក។ ប្រសិនបើកិច្ចចរចា​រវាងរដ្ឋាភិបាលបារាំង និងក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​នៅតែមិន​ត្រូវគ្នាទៀត​នោះ​ មហាបាតុកម្ម​អាចនឹងផ្ទុះឡើង​​ជាលើកទី ៥ នៅចុង​សប្តាហ៍​នេះ៕

Loading...