មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង ចុះត្រួតពិនិត្យទំនិញនាំចូលតាមច្រកកំពង់ស្ពាន ក្រុងបាវិត ពីប្រទេសវៀតណាម

December 12, 2018 403

ស្វាយរៀង ៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានចុះពិនិត្យទំនិញនាំចូលតាមច្រកកំពង់ស្ពាន ក្រុងបាវិត ខេត្តស្វាយរៀង។ សកម្មភាពការងារនេះ បានពិនិត្យ និងស្វែងរកសារធាតុ Borax និងសារធាតុគីមីហាមឃាត់ ចំពោះមុខទំនិញដែលអាជីវករនាំចូលពីប្រទេសវៀតណាម។

លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង បានថ្លែងប្រាប់ឲ្យដឹងថា សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយយោធាព្រំដែន ចំណុះកងវរសេនាតូចលេខ២ ឈរជើងនៅច្រកកំពង់ស្ពាន ស្ថិតក្នុងសង្កាត់បាវិត ដើម្បីចុះត្រួតពិនិត្យបន្លែ ផ្លែឈើ ត្រីសាច់គ្រប់ប្រភេទ ដែលនាំចូលពីប្រទេសវៀតណាម រកសារធាតុគីមីហាមឃាត់ ដាក់លើបន្លែ ផ្លែឈើ និងម្ហូបអាហារដែលក្រុមអាជីវករ ដឹកមកលក់តាមផ្សារនានាក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង។

លោក ផឹង និល បានបន្តថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃការ ទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នាទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ និងបានពិនិត្យទំនិញគំរូចំនួន២៧មុខទំនិញ ក្នុងនោះមន្ត្រីពុំបានរកឃើញសារធាតុ Borax ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅក្នុងមុខទំនិញនោះទេ។

ជាមួយគ្នានេះដែរ ប្រធានសាខាកាំកុងត្រូលរូបនេះ ​ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់ សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានដូចភ្លៀងរលឹម៕

Loading...