អ្នកនាង ទូច ស្រីល័ក្ខ ប្រើ​ជីវិត​បែប​​សាមញ្ញ​​ អង្គុយ​ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ ទទួល​បាន​​ការ​លើក​សរសើរ​ពី​មហាជន!

December 12, 2018 129

ភ្នំពេញ ៖ គ្រាន់តែបានឮឈ្មោះ មហាជនគ្រប់មជ្ឈដ្ឋានច្បាស់ជាបានស្គាល់ស្រាប់មកហើយ ចំពោះតារាសម្តែង និងចម្រៀងស្រី ដែលចូលចិត្តធ្វើអ្វីដែលប្លែកៗពីគេ ដើម្បីបង្កភាពសប្បាយរីករាយ និងផ្ទុះសំណើចដល់មហាជនអ្នកគាំទ្រ គឺអ្នកនាង ទូច ស្រីល័ក្ខ។ អ្នកនាង ទូច ស្រីល័ក្ខ ក៏ជាតារាស្រីរបស់ខ្មែរមួយរូប ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពលើវិថីសិល្បៈនាពេលបច្ចុប្បន្នផងដែរ។

ជាការពិតអ្នកនាង ទូច ស្រីល័ក្ខ អំឡុងពេលសព្វថ្ងៃនេះ ក្រៅតែមមាញឹកលើអាជីពសម្តែងភាពយន្ត នាងក៏ជាតារាស្រីដែលកំពុងតែពេញនិយម លើការបញ្ចេញសា្នដៃនិពន្ធបទចម្រៀង Original Song ដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សាគាំទ្រ និងមួយផ្នែកទៀតក៏ដើម្បីចូលរួមលើកស្ទួយវិស័យចម្រៀង ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ មិនចម្លងបទបរទេសដូលកាលពីគ្រាកន្លង។

ស្របពេលជាមួយគ្នានេះដែរ បើចាប់អារម្មណ៍លើទីផ្សារសិល្បៈរបស់តារាសម្តែងស្រីអ្នកនាង ទូច ស្រីល័ក្ខ នាពេលបច្ចុប្បន្នវិញ នាងមិនត្រឹមតែធ្វើការវិវឌ្ឍន៍ខ្លួនក្លាយជាតារាស្រី ដែលមានប្រជាប្រិយភាព និងការគាំទ្រខ្ពស់ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យនោះទេ គឺតារាស្រីរូបនេះថែមទាំងទទួលបានការលើកសរសើរផងដែរ ចំពោះអត្តចរិក និងភាពរុះរាយរាក់ទាក់មិនប្រកាន់ខ្លួន ជាតារាល្បីផ្ទុយតារាប្រុស-ស្រីឯទៀត។

ជាក់ស្តែងអ្នកនាង ទូច ស្រីល័ក្ខ ថ្មីៗនេះ ត្រូវបានមហាជនមួយចំនួនធំនាំគ្នាបញ្ចេញទស្សនៈលើកសរសើរ និងគាំទ្រនូវទង្វើរមិនប្រកាន់ខ្លួន តាមរយៈសកម្មភាពដែលនាងបានបង្ហាញវត្តមានអង្គុយញ៉ាំអាហារនៅតាមចិញ្ចើមផ្លូវ ភ្ជាប់ជាមួយប្រយោគដ៏មានអត្ថន័យថា បើទោះបីជានៅកន្លែងណាក៏ដោយតែពិតជាមានតម្លៃសម្រាប់ខ្ញុំណាស់ សំខាន់ដឹងថាខ្លួនខ្ញុំកើតមកពីណា…។

អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់បន្ថែមទៀតថា នេះជីវិតបែបសាមញ្ញរបស់ខ្ញុំ ងាប់ទៅគ្មាននរណាយកលុយទៅតាមដូចគ្នា តែអ្វីដែលធ្វើអោយយខ្ញុំមានសេចក្តីសុខគឺ នុំប៉័ងមួយកំណាត់តម្លៃតែ ២០០០រៀល និយាយពីថាឆ្ញាញ់នោះឆ្ញាញ់។ តាមរយៈ​ការលើកឡើងរបស់អ្នកនាង ទូច ស្រីល័ក្ខ នេះដែរ ភ្លាមៗនោះមានអ្នកគាំទ្រមួយចំនួន បាននិយាយស្របនឹងនាងថា កន្លែងណាក៏ជាកន្លែងដែលយើងអាចនឹងទទួលបានភាពរីករាយដែរណាបង។ នេះជាសុខសុភមង្គលម្យ៉ាងសម្រាប់យើងទទួលបាននឹងឲ្យតម្លៃ៕

Loading...