សហភាពអឺរ៉ុប បង្ហាញការគាំទ្រ​​អ៊ុយក្រែន ពាក់ព័ន្ធនឹងភាពតានតឹង​ជាមួយរុស្ស៊ី នៅតំបន់ច្រក​សមុទ្រឃើច

December 14, 2018 147

ព្រុចសែល ៖ ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសុក្រ ទី១៤ ខែធ្នូ​ ឆ្នាំ២០១៨ បានចុះផ្សាយថា សហភាពអឺរ៉ុប​​ដែលមាន​សមាជិក២៧ប្រទេស​ ​បង្ហាញការគាំទ្រ​​ចំពោះ​ប្រទេសអ៊ុយក្រែន ពាក់ព័ន្ធនឹងភាពតានតឹង​ជាមួយរុស្ស៊ី នៅតំបន់ច្រក​សមុទ្រឃើច (Kerch) និងដែន​សមុទ្រ​អាហ្សូវ (Azov) ដែលរុស្ស៊ីបាន​ចាប់ឃាត់ខ្លួននាវិក និងទូករបស់​អ៊ុយក្រែន មិនដោះលែង​នៅឡើយទេ​មកទល់នឹង​ពេលនេះ។

សេចក្តីប្រកាស​របស់សហភាពអឺរ៉ុប (EU) ខាងលើនេះ ត្រូវបានធ្វើឡើង​ក្រោយពីកិច្ច​ប្រជុំ​រយៈពេលពីរថ្ងៃ ដែលបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងទីក្រុង​ព្រុចសែល។ នៅក្នុងសេចក្តី​ប្រកាសនោះ​សហភាពអឺរ៉ុប​​បានបញ្ជាក់ថា ខ្លួនគាំទ្រ​ប្រទេសអ៊ុយក្រែន និងចាត់ទុក​សកម្មភាពរបស់រុស្ស៊ី​កន្លងមក ជាទង្វើបំពាន​ច្បាប់អន្តរជាតិ​ថែមទៀតផង។

សហភាពអឺរ៉ុប​​បានសង្កត់ធ្ងន់​​យ៉ាងដូច្នេះថា «មិនមាន​ភាពស្របច្បាប់​ណាមួយ​ ដែលរុស្ស៊ី​ត្រូវប្រើប្រាស់​កម្លាំងនោះ​ឡើយ។ ដូច្នេះ​រុស្ស៊ី​​ត្រូវបានតែដោះលែងនាវិក​ទាំងជាង ១០នាក់ និងទូកទាំងអស់​របស់អ៊ុយក្រែន​ជាបន្ទាន់។ រុស្ស៊ី​ត្រូវធានា​ការធ្វើចរាចរណ៍​ដោយសេរី​នៅច្រក​សមុទ្រ Kerch និងក្នុងដែន​សមុទ្រ Azov ដែលស្ថិតនៅ​ក្បែរឧបទ្វីប​គ្រីមៀ (Crimea)»។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប​ ក៏ត្រៀមលក្ខណៈក្នុង​ការរៀបចំ​ដំណោះស្រាយ ដើម្បី​បង្ហាញ​ការគាំទ្រ​​ចំពោះអ៊ុយក្រែន​ផងដែរ៕

Loading...