នាយករដ្ឋមន្រ្តីថៃ លោកនឹងមិនលាលែងពី​មុខ​តំណែងឡើយ ទោះបីរងសម្ពាធខ្លាំងពីក្រុមអ្នករិះគន់ក៏ដោយ

December 21, 2018 161

បាងកក ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានថ្លែងនាថ្ងៃព្រហស្បតិ៍នេះថា រូបលោកនឹងមិនលាលែងពី​មុខ​តំណែងឡើយ ទោះបីជាកំពុងបន្តរងសម្ពាធខ្លាំងពីក្រុមអ្នករិះគន់ក៏ដោយ នៅមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០១៩។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងវិមានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានប្រកាសថា លោកនឹងនៅបន្តកាន់អំណាច​ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់​ដដែល ទោះ​មានការ​អំពាវ​នាវ​យ៉ាង​​ទទូច​​ឲ្យ​រូបលោកចុះចេញពីតំណែង នៅមុនការបោះឆ្នោតសកល ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរជម្រាបថា លោក ប្រាយុទ្ធ បានឡើងក្តោបអំណាចដឹកនាំប្រទេសថៃ តាមរយៈការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០១៤ ​ដែល​កាលនោះរូបលោកនៅជា​ប្រមុខកងទ័ពថៃ ហើយចាប់ពីពេលនោះមក លោកក៏បានបង្កើតរដ្ឋាភិបាលមួយ ដែលពុំបាន​​ឆ្លង​កាត់ការបោះឆ្នោតជ្រើសរើសពីរាស្រ្តឡើយ។ សម្រាប់ការបោះឆ្នោតឆ្នាំក្រោយនេះ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវគេ​រំពឹង​​ថា នឹងអាចក្លាយបេក្ខភាពនាយករដ្ឋមន្រ្តី នៃគណៈ​បក្ស Palang Pracharath ដែលបង្កើតឡើងដោយមន្រ្តីមួយចំនួន​នៅ​ក្នុងជួររដ្ឋាភិបាលរបស់លោកផ្ទាល់។ ​នេះ​បើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨៕

Loading...