នគរបាលកម្ពុជា ចាប់ខ្លួនចិន១៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា

December 24, 2018 181

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការគ្នាជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង នគរបាលខណ្ឌឬស្សីកែវ នគរបាលខណ្ឌចំការមន បានចាប់ឃាត់ខ្លួនជនជាតិចិន ចំនួន១៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា ដកហូតរថយន្តលុចស៊ីស៥៧០មួយគ្រឿង កាំភ្លើងហ្គាស១ដើម ទូរដែក១ និងសម្ភារៈមួយចំនួន។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២៖៤០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្សារ (ហ័រលានផ្ទះលេខ៦៩.២J. ផ្លូវកាំកូស៊ិធី នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនទាំង១៥នាក់នេះ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះប្រពន្ធដែលជាជនជាតិខ្មែរ តែជនរងគ្រោះជាប្ដីជនជាតិចិន ដែលត្រូវក្រុមជនសង្ស័យជនជាតិចិនដូចគ្នាបានចាប់ជំរិត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅខណ្ឌពោធិ៍សែនជ័យ ទើបកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនជាតិចិនទាំង១៥នាក់ខាងលើនេះ ដែលមកលាក់ខ្លួននៅទីតាំងខាងលើបានជាក់ស្តែងតែម្តង។

នៅក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតបានរថយន្តលុចស៊ីស៥៧០ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1008 ដែលបុរសជាជនជាតិចិនម្នាក់ កំពុងជិះតាមផ្លូវជិតកន្លែងកើតហេតុ ហើយត្រូវកម្លាំងសមត្ថកិច្ចដេញតាមចាប់បានភ្លាមៗសង្ស័យជាមេខ្លោងចាប់ជំរិត និងទូរដែកចំនួន១ កាំភ្លើងបាញ់ហ្គាស១ដើម រួមនិងសម្ភារៈមួយចំនួន។

ក្រោយកើតហេតុ ជនសង្ស័យជាជនជាតិចិនទាំង១៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនខ្លួនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងកសាងសុំណុំរឿងឡើងតុលាការចាត់ការតាមនិតីវិធីច្បាប់៕

Loading...