ជប៉ុន៖ ចំនួនទារកដែលកើតនៅក្នុងប្រទេស ​បន្ត​ធ្លាក់​ដល់​កម្រិត​ទាប​​បំផុត

December 24, 2018 152

តូក្យូ ៖ របាយការណ៍រដ្ឋាភិបាលជប៉ុន បានបង្ហាញឲ្យដឹងថា ចំនួនទារកដែលកើតនៅក្នុងប្រទេសបាន​បន្ត​ធ្លាក់​ដល់​កម្រិត​ទាប​​បំផុត គិតចាប់តាំងតែពីការចាប់ផ្តើមស្រង់ទិន្នន័យនេះកាលពីឆ្នាំ១៨៩៩។ ​សារព័ត៌មានរុស្ស៊ី Sputnik បានចុះឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមក្រសួងសុខាភិបាលជប៉ុន ចំនួនទារកកើតក្នុងឆ្នាំ២០១៨នេះ ត្រូវគេប៉ាន់ប្រមាណថា មានត្រឹម​៩២១,០០០នាក់​ ដែលតិចជាងឆ្នាំមុន២៥,០០០នាក់។ បន្ថែមពីនេះ ចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំនេះ គឺប្រហែល១.៣៧លាននាក់ ដែលធ្វើឲ្យ​​​ការថយចុះចំនួនប្រជាជនគឺប្រមាណ៤៤៨,០០០នាក់ ដោយវាគឺជាគម្លាតធំបំផុត​ក្នុង​ប្រវត្តិសាស្រ្តប្រទេសជប៉ុន។

គួរជម្រាបថា បើតាមការព្យាករណ៍កាលពីឆ្នាំទៅ ចំនួនប្រជាជនក្នុងប្រទេសជប៉ុន នឹងធ្លាក់ចុះរហូតសម្រាប់អំឡុងពេល​កន្លះទសវត្សរ៍ខាងមុខ គឺពីជាង១២៦លាននាក់នៅឆ្នាំ២០១៦ មកនៅត្រឹម​ប្រហែលជា៨៨លាននាក់ ក្នុងឆ្នាំ២០៦៥៕

Loading...