អាជ្ញាធររាជធានីភ្នំពេញ ហាត់សមកម្លាំងត្រៀមដើរក្បូនព្យុះហយាត្រា អបអរសាទរខួប លើកទី៤០ នៃទិវាជ័យជំនះ៧មករា

December 26, 2018 183

ភ្នំពេញ ៖ កម្លាំងប្រមាណ១០០នាក់ មកពីរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រួមទាំងមន្ត្រីរាជការមកពីខណ្ឌ និងមន្ទីរផ្សេងៗទៀត បានមកហាត់សមពីការដើរក្បូនព្យុះហយាត្រា ដើម្បីឈានឆ្ពោះទៅអបអរសាទរខួប លើកទី៤០ នៃទិវាជ័យជំនះ៧មករា ដែលនឹងប្រារព្ធឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧មករា ឆ្នាំ២០១៩ ខាងមុខនេះ។

នាយករដ្ឋបាលរាជធានីភ្នំពេញ លោក សេង វណ្ណះ បានឲ្យដឹងថា ការហាត់សមនេះធ្វើឡើងដើម្បីឲ្យកម្លាំងដែលចូលរួមមានភាពស្វាហាប់ ដើរបានយូរ មិនឆាប់ហត់ និងហាត់ពីរបៀបដើរឲ្យបានស្រុសគ្នា និងមានរបៀបរៀបរយនៅពេលពិធីចាប់ផ្តើមផ្លូវការ។

លោកនាយករដ្ឋបាល ឲ្យដឹងទៀតថា កម្លាំង១០០នាក់នេះ គឺជាតំណាងមន្ត្រីរាជការក្នុងរាជធានីភ្នំពេញ ដែលនឹងត្រូវដើរអមរថយន្តបុស្សុបុកក្នុងពេលហែរក្បូនសម្រាប់ផែនរាជធានីភ្នំពេញដែលមានការរៀបចំឲ្យមានលក្ខណៈធំទូលាយ និងអធឹកអធមជាងឆ្នាំមុនៗ ដើម្បីអបអរខួប៤០ឆ្នាំ នៃថ្ងៃជ័យជំនៈ៧មករា ជាថ្ងៃផ្តល់កំណើតទី២ ដល់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា ការហាត់សមនេះ នឹងធ្វើឡើងចំនួន២ដងទៀត មុនថ្ងៃ៧មករា គឺនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ម្តងទៀត ដែលគ្រោងនឹងមានមហាជនចូលរួមចំនួន៨.៣៥០នាក់៕

Loading...