ស្ថានទូតអេមីរ៉ាត់អារ៉ាប់រួម នៅឯរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី ត្រូវបានបើកទ្វារឡើងវិញហើយ

December 28, 2018 138

ដាម៉ាស់ ៖ ទីភ្នាក់ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយឲ្យដឹងថា ​ស្ថានទូតអេមីរ៉ាត់អារ៉ាប់រួម នៅឯរដ្ឋធានីដាម៉ាស់ នៃប្រទេសស៊ីរី ត្រូវបានបើកទ្វារឡើងវិញហើយ ​នាថ្ងៃ​ព្រហស្បតិ៍នេះ គិតចាប់តាំងពីបដិវត្តន៍បានផ្ទុះឡើងនៅស៊ីរី។

កាលពីឆ្នាំ២០១១ ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានកោះហៅ​ឯកអគ្គរដ្ឋទូតរបស់ខ្លួនពីស៊ីរីទៅវិញ ក្រោយការចាប់ផ្តើមនៃ​ការ​ធ្វើបដិវត្តន៍ប្រឆាំងនឹង​រដ្ឋាភិបាល​ប្រធានាធិបតីស៊ីរី លោក អាស្សាដ ដែលបានបណ្តាលឲ្យ​ប្រទេសមជ្ឈិមបូព៌ាមួយនេះ​​ធ្លាប់ចូលក្នុងសង្រ្គាមស៊ីវិល។ នៅឆ្នាំដដែល ស៊ីរីក៏ត្រូវបានបណ្តេញចេញពីសម្ព័ន្ធអារ៉ាប់ដែលមានសមាជិក២២ប្រទេស​ផងដែរ ដោយបណ្តាប្រទេសអារ៉ាប់បានដាក់ទណ្ឌកម្ម និងថ្កោលទោស​ទីក្រុង​ដាម៉ាស់ ចំពោះការប្រើកម្លាំងយោធា​លើ​ក្រុមអ្នកប្រឆាំង។

តាមរយៈការបើកស្ថានទូតខាងលើឡើងវិញ អេមីរ៉ាត់អារ៉ាប់រួម បានក្លាយជាប្រទេសដំបូងគេ នៃ​ក្រុមប្រឹក្សាកិច្ចសហប្រតិ​បត្តិការឈូងសមុទ្រ (GCC) ដែលបានសម្រេចបន្តទំនាក់ទំនងការទូតជាថ្មីម្តងទៀត​ជាមួយប្រទេសស៊ីរី ហើយការបើក​ទ្វារ​ស្ថានទូតនេះ ត្រូវបានធ្វើឡើង ក្រោយដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៦ ខែធ្នូ ​នៅក្រុងដាម៉ាស់ របស់ប្រធានាធិបតីស៊ូដង់ លោក Omar Bashir ដែលបានក្លាយប្រមុខរដ្ឋអារ៉ាប់ដំបូងគេ ដែលបានមកទស្សនកិច្ចនៅស៊ីរី ចាប់តាំងពីសង្រ្គាមស៊ីវិល​បានផ្ទុះឡើង។

គួរជម្រាបថា រយៈពេលជិត០៨ឆ្នាំក្រោយបញ្ហាជម្លោះបានចាប់ផ្តើម លោក អាស្សាដ បានកាន់កាប់មកនូវតំបន់មួយចំនួន​ធំនៃទឹកដីស៊ីរីទាំងមូល ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ីនិងអ៊ីរ៉ង់៕

Loading...