ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី៖ មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ឈ្មោះ អាវាំងហ្គាដ មាន​សមត្ថភាព​ហោះហើរលឿន​ជាងសំឡេង ២៧ដង

December 28, 2018 131

ម៉ស្គូ ៖ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយថា ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី លោក យូរី បូរីសូវ (Yuri Borisov) បានអះអាងថា មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ​ឈ្មោះ អាវាំងហ្គាដ (Avangard) ស៊េរីថ្មីចុង​ក្រោយ​បំផុតមាន​សមត្ថភាព​ហោះហើរលឿន​ជាងសំឡេង ២៧ដង ហើយដែល​ល្បឿននេះ​មិនអាចឲ្យប្រព័ន្ធមីស៊ីលដទៃ ស្ទាក់ចាប់​វាបាន​ឡើយ។

លោក Borisov លើកឡើង​បែបនេះ នៅក្នុងបទសម្ភាសន៍​ជាមួយទូរទស្សន៍​រុស្ស៊ី Rossia24 និងបន្ទាប់ពី​មីស៊ីល Avangard ត្រូវបានបាញ់​សាកល្បងដោយជោគជ័យ​កាលពីថ្ងៃពុធ ក្រោមការបញ្ជា​ដោយផ្ទាល់ពី​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នាឱកាសនោះ លោក Borisov បានលើក​ឡើងយ៉ាងដូច្នេះថា «ការបាញ់​សាកល្បង​មីស៊ីល Avangard បានបង្ហាញ​យ៉ាងច្បាស់ថា មីស៊ីលមួយនេះ​មានសមត្ថភាព​ហោះហើរលឿន​ជាងសំឡេង ២៧ដង... ហើយដែល​ល្បឿននេះមិនអាច​ឱ្យប្រព័ន្ធមីស៊ីល​ដទៃស្ទាក់​ចាប់វាបាន​ឡើយ»។

គួរបញ្ជាក់ថា មីស៊ីល​នុយក្លេអ៊ែរ​អន្តរទ្វីប Avangard ត្រូវបានបាញ់សាកល្បង​ដោយជោគជ័យ កាលពីថ្ងៃពុធ ចេញ​ពីតំបន់ អូរ៉េនប៊ហ្គ (Orenbourg) ស្ថិតនៅចំងាយ ១.២០០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងម៉ូស្គូ ដោយវារត់បានក្នុងចំងាយជិត ៦,០០០គីឡូម៉ែត្រ មុននឹង​ធ្លាក់ចំគោលដៅ​នៅក្នុងតំបន់ឧបទ្វីប ខាមឆាតកា (Kamtchatka) ស្ថិតនៅភាគខាងកើតប្រទេស៕

Loading...