នាយទាហានជាន់ខ្ពស់ ២៨រូប ត្រូវប្រមុខរាជរដ្ឋាភិបាល ដំឡើងតួនាទី និងឋានន្តរស័ក្តិ

January 02, 2019 1334

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ឯកឧត្តម អស់លោក-លោកស្រី ដែលទទួលឋានន្តរស័ក្តិកាន់តែខ្ពស់ ការបំពេញមុខងារតួនាទីកាន់តែធំជាងមុន​។ ដូច្នេះ ភារកិច្ចចំពោះមុខឡើងដល់ណា? នៅកន្លែងណា? យើងត្រូវសិក្សាកាន់តែស៊ីជំរៅ ដើម្បីបំពេញការងារដែលថ្នាក់ដឹកនាំប្រគល់ឲ្យទទួលបានជោគជ័យ។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែធ្នូ និងឆ្នាំ ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត ខែមករា ឆ្នាំ២០១៩ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានជាន់ខ្ពស់ ចំនួន២៨រូប មានថ្នាក់នាយឧត្តមសេនីយ៍ ១រូប ឧត្តមសេនីយ៍ឯក ៣រូប ឧត្តមសេនីយ៍ទោ ៨រូប និងឧត្តមសេនីយ៍ត្រី ១៦រូប ក្នុងនោះមាននារី ៤រូប។ នារី២រូបទទួលបានមុខងារជាអគ្គនាយករង មួយរូបជាមេបញ្ជាការរងកងពល និងមួយរូបទៀតជានាយករងមជ្ជមណ្ឌលកីឡា (ខ.ភ.ម) នៅទីស្តីការក្រសួងការពារជាតិ កាលពីថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នាសាលប្រជុំក្រសួងការពារជាតិ។

បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ អានរបាយការណ៍ព្រាងបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ខែមករា ឆ្នាំ២០១៩ ព្រមទាំងមានការលើកឡើងពីស្ថាប័នកងឯកភាពពាក់ព័ន្ធរួចមក សម្តេចពិជ័យសេនា បានកោតសរសើរដល់ក្រុមការងារជានាយទាហាន នាយទាហានរង ពលទាហានទំាងអស់ ដែលប្រឹងប្រែងសម្រេចភារកិច្ចតាមតួនាទីភារកិច្ចរៀង ក្នុងថ្ងៃប្រារព្ធពិធីរំលឹកខួបទី២០ឆ្នាំ នៃគោលនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់គួរជាទីមោទនៈផងដែរ៕

Loading...