លោក ដូណាល់ ត្រាំ ថា ស៊ីរីគ្មានអ្វីសោះ ក្រៅពី​ដីខ្សាច់ ​និងសេចក្តីស្លាប់

January 03, 2019 133

វ៉ាស៊ីនតោន ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​នៅសេតវិមាន ​លោក ដូណាល់ ត្រាំ នៅតែប្រកាន់​​យកការសម្រេចចិត្ត​របស់លោក ក្នុងការដក​កងទ័ព​​ចេញពីស៊ីរី ជាប្រទេស​ដែលលោកថា គ្មានអ្វីសោះក្រៅពី​ដីខ្សាច់ ​និងសេចក្តីស្លាប់ (សាកសព)។

លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «យើងមិនចង់​​និយាយ​អំពី​រឿង​ធនធាន​ដ៏ច្រើនអ្វី​នោះទេ។ យើង​កំពុង​តែនិយាយអំពី​វាលខ្សាច់ និងសេចក្តី​ស្លាប់។ ខ្ញុំ​កំពុងចាក​ចេញ​ហើយ... យើងកំពុង​ត្រៀមចាកចេញ​ពីប្រទេសស៊ីរី... មើលទៅ! យើងមិន​ចង់បានស៊ីរី​នោះទេ...»។

កាលពីថ្ងៃទី១៩ ខែធ្នូ រដ្ឋាភិបាល​ទីក្រុងវ៉ាស៊ីនតោន បាន​ប្រកាសថា ខ្លួននឹង​ដកទ័ព​អាមេរិកចេញ​ពីស៊ីរី ក្នុងអំឡុងប៉ុន្មាន​​ខែ​ខាងមុខ​ដោយ លោក ត្រាំ បានលើកហេតុផល​ការពារការសម្រេច​ចិត្តនេះថា កងកម្លាំង​យោធាអាមេរិកបាន​សម្រេចជោគ​ជ័យ​ ​ក្នុងការកម្ចាត់ក្រុម​ភេរវករ ISIS នៅស៊ីរី និងអាចត្រឡប់​មកផ្ទះវិញបាន​ហើយ។

ទន្ទឹមនឹងនេះ​លោក ត្រាំ ក៏បានទាត់ចោល​សេចក្តីរាយការណ៍​ព័ត៌មាន​របស់កាសែត New York Times ដែលថា រូបលោក​បានទុកពេល ០៤ខែ​ឲ្យ​ក្រសួងការពារជាតិ​រៀបចំការដកទ័ព​ចេញពីស៊ីរីផងដែរ។ លោក ត្រាំ បានបញ្ជាក់ថា ការដកកង​ទ័ព​អាមេរិកចេញពី​ស៊ីរី នឹងប្រព្រឹត្តទៅតាមពេលវេលាជាក់ស្តែង ប៉ុន្តែមិនមែន ០៤ខែ ដូចការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន​​នោះ​ទេ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩៕

Loading...