ប៉ូលិសខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ ដកហូតគ្រឿងញៀន៧ប្រភេទ ទម្ងន់ជាង១គីឡូក្រាម

January 03, 2019 690

បន្ទាយមានជ័យ ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ រួមជាមួយគ្រឿងញៀន៧ប្រភេទ ទម្ងន់ជាង១គីឡូក្រាម នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុង ប៉ោយប៉ែត កាលពីយប់អធ្រាត្រថ្ងៃឆ្លងឆ្នាំ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងលោកឧត្តម សេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើស។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ បានឃាត់ខ្លួនជនសង្ស័យ២ ជាជនជាតិថៃ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើវិធានការបង្ការទប់ស្កាត់គ្រឿងញៀន។

បន្ទាប់ពីកម្លាំងនគរបាលការិយាល័យជំនាញ បានសហការជាមួយនិងនគរបាលក្រុងប៉ោយប៉ែត បានទទួព័ត៌មានថា មានជនជាតិថៃបើកហាងលក់ទំនិញ និងបង្កប់លក់គ្រឿងញៀននៅចំណុចខាងលើ និងចុះស្រាវជ្រាវស៊ើបអង្កេត កំណត់បានមុខសញ្ញា ឈានដល់ឆ្មក់ចូលបង្រ្កាប ជនសង្ស័យគ្រឿងញៀនជាជនជាតិថៃ នៅក្នុងហាងយីហា “២៩បាត” ដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងជាក់ស្តែង។

សមត្ថកិច្ចបានដកហូតៈ គ្រឿងញៀន៧ប្រភេទ រួមមាន៖ ទី១. ប្រភេទម្សៅក្រាមសថ្លា ចំនួន១ថង់ មានទម្ងន់១.៨៩ក្រាម, ទី២. ម្សៅម៉ត់ និងម្សៅក្រាម(កេតាមីន) ចំនួន២៧ថង់ មានទម្ងន់១៩២.២៧ក្រាម, ទី៣. ថ្នាំប្រភេទគ្រាប់(អ៊ិចស្តាស៊ី) ចំនួន១៦ថង់ មានទម្ងន់១៣៣.៩៤ក្រាម, ទី៤. ថ្នាំទឹកកេតាមីន ចំនួន៩១ដប មានទម្ងន់៩១០ក្រាម, ទី៥. ថ្នាំទឹកកាលីសូល ចំនួន២៣ដប មានទម្ងន់២៣០ក្រាម, ទី៦. ថ្នាំគ្រាប់ហ្វាយប្រភេទថ្នាំគ្រវី១៥ គ្រាប់ និងទី៧. កញ្ឆាក្រៀម ចំនួន៥ដុំ ស្មើទម្ងន់១៣៥,៦០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, ប្រាក់ថៃ៣៥,៨០០បាត និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ឆាយដែន ម៉ាហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ មានស្រុកកំណើតភូមិ អារញ្ញ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ, ទី២-ឈ្មោះ អរុណ កូម៉ាន ធីឆាឆាវិផាណានុវ៉ាត (ហៅឆាឆា) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ មានស្រុកកំណើត ឃុំសាណាមីង ស្រុកសានសាយ ខេត្តឈៀងម៉ៃ ប្រទេសថៃ។

លោកស្នងរង បន្តថា គ្រឿងញៀនខាងលើ ជនង្ស័យទាំងពីរ បានទទួលទិញពីស្រ្តីម្នាក់ ជនជាតិខ្មែរ និង សម្រាប់លក់ចែកចាយបន្តឲ្យជនជាតិចិន និងជនជាតិឥណ្ឌូនេស៊ី។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ កសាងសំណុំរឿង និងវត្ថុតាងចាប់បញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...