ប្រធានាធិបតីតៃវ៉ាន់ សន្យាការពារ​លទ្ធិប្រជាធិបតេយ្យ និងផ្លូវនៃជីវិត​ ដែល​តៃវ៉ាន់កំពុងដើរ

January 05, 2019 185

តៃប៉ិ ៖ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​រសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា ​លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានសន្យាការពារ​លទ្ធិប្រជាធិបតេយ្យ និងផ្លូវនៃជីវិត​ដែល​តៃវ៉ាន់កំពុងដើរ នៅក្នុងបរិបទ​កំពុងមានភាពតានតឹង​ជាថ្មី ជាមួយ​មហាយក្សចិន ដែលរង់ចាំតែ​ឱកាសវាយយកដែនកោះ​មួយនេះ ប្រសិនបើតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកស្រី Tsai បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «កោះតៃវ៉ាន់​មិនអាចទទួល​យកបានគោល​នយោបាយ​ប្រទេសមួយប្រព័ន្ធគ្រប់គ្រង ២ ដែលលើកឡើង​ដោយចិនជា​ដាច់ខាត... ហើយការចរចា​ណាមួយគួរតែធ្វើឡើង​ឈរគោលការណ៍​រដ្ឋាភិបាល និងរដ្ឋាភិបាល»។ ជំហរ​របស់​កោះតៃវ៉ាន់ គឺ​ដើរពី​​ក្រោយ​ដោយការប្រកាស​អនុវត្តន៍នយោបាយ​ថ្មីរបស់​អាមេរិក នៅដើម​ឆ្នាំ២០១៩នេះ ដោយ​អនុញ្ញាតការ​លក់សព្វាវុធដល់បណ្តាប្រទេសតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលរួមទាំង​កោះតៃវ៉ាន់។

គួរបញ្ជាក់ថា ការលើកឡើងខាង​លើរបស់លោកស្រី Tsai Ing-wen កើតមានតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ក្រោយ​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បាននិយាយថា គ្មាននរណាម្នាក់​អាចយកកោះតៃវ៉ាន់ចេញពីចិនបានឡើយ ហើយថា​ចិននឹងមិន​រាករែកឡើយ​ក្នុងការ​ប្រើប្រាស់​កម្លាំង​យោធា ដើម្បីបង្រួមបង្រួបជាតិឡើងវិញ ក្នុងករណីដែលរដ្ឋាភិបាល​ទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕

Loading...