លោក គីម ជុងអ៊ុន ទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសចិន មុននឹងជួបជាមួយប្រធានាធិបតីអាមេរិក

January 08, 2019 485

ប៉េកាំង ៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា លោក គីម ជុងអ៊ុន កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅក្នុងប្រទេសចិន មុននឹងលោកត្រូវជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងពេលឆាប់ៗនេះ។

យោងតាម KCNA​ លោក គីម និងភរិយា គឺលោកស្រី Ri Sol-ju បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងទៅកាន់ប្រទេសចិន​ តាំងតែពីល្ងាច​ថ្ងៃចន្ទមកម្ល៉េះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ តបតាមការអញ្ជើញពីលោក​ ស៊ី ជិនពីង ហើយនេះក៏ជាដំណើរ​ទស្សនកិច្ចជាលើកទី៤របស់លោកផងដែរ។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយលោក ស៊ី ជិនពីង នាឱកាសបំពេញទស្សនកិច្ចពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករានេះ នៅលើទឹកដីចិន លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងពិភាក្សាពីការរៀបចំជំនួបជាលើកទី២ រវាងលោក និងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិន ខណៈមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើង​ កំពុងពិភាក្សាពីទីតាំងរៀបចំជំនួបកំពូលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩៕

 

Loading...