ចិន បង្ហាញយន្តហោះដ្រូន Sky Hawk ប្រភេទថ្មី ជា​លើកដំបូង ឲ្យ​អន្តរជាតិបាន​ឃើញ

January 12, 2019 135

ប៉េកាំង ៖ ខណៈដែលស្ថានការណ៍​សន្តិសុខជាមួយ​កោះតៃវ៉ាន់ និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ នៅតែមានភាពតាន​តឹងនោះ ប្រទេសចិន​ ក៏ហាក់​មិនបាន​​បង្ហាញ​ការខ្វាយខ្វល់​អ្វីច្រើនឡើយ ដោយសមិទ្ធផល​ថ្មីៗ​ពីគ្រប់វិស័យ និង​គួរឲ្យភ្ញាក់ផ្អើល​​នៅតែ​បន្តលេចចេញ​មកជានិច្ច តួយ៉ាងថ្មីៗ​នេះ ​យន្តហោះដ្រូន Sky Hawk ប្រភេទថ្មី​ត្រូវបាន​បញ្ចេញ​ជា​លើកដំបូងឲ្យ​អន្តរជាតិបាន​ឃើញ។

Sky Hawk គឺជាប្រភេទ​យន្តហោះដ្រូន ដែលត្រូវបាន​អភិវឌ្ឍន៍ និងដាក់ឈ្មោះ​ឲ្យចុង​ក្រោយគេ​ដោយក្រុមហ៊ុន​ឧស្សាហកម្ម​​ផលិតសព្វាវុធអវកាស និង​វិទ្យាសាស្ត្ររដ្ឋចិន ហៅកាត់ថា CASIC។ យន្តហោះដ្រូន​ប្រភេទនេះ ​មានសមត្ថភាព​ក្នុងការបំពេញប្រតិបត្តិការ​អង្កេតផង និងប្រយុទ្ធផង ហើយវា​មានរូបរាងស្រដៀង​ទៅនឹងយន្តហោះ​ដ្រូន CH-7 របស់ចិន​​ពីមុនដែរ ដែលសុទ្ធសឹង​ជាប្រភេទ​គ្រឿងយន្ត​ធ្វើសង្គ្រាម។

បើតាមការបញ្ជាក់​ពីក្រុមហ៊ុន​រដ្ឋចិន យន្តហោះ​ដ្រូន Sky Hawk គឺ​មានទំហំ​តូចជាង CH-7 និង​មានបំពាក់​បច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត។ វាជាប្រភេទ​យន្តហោះដែលអាច​ធ្វើការ​បញ្ជា​ចេញពី​យន្តហោះចម្បាំង ឬយន្តហោះ​យោធា​​ដែលមានមនុស្សជិះ។ ទូរទស្សន៍​រដ្ឋចិន CCTV ក៏បានចេញផ្សាយ​វីដេអូអំពីការហោះហើរ​បង្ហាញរាង របស់​យន្តហោះដ្រូន Sky Hawk ខាងលើ​នេះផងដែរ ដោយវាត្រូវបានធ្វើ​ឡើងកាលពី​ថ្ងៃទី០៥ ខែមករា កន្លង​ទៅថ្មីៗនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩៕

 

Loading...