អនុប្រធានាធិបតី​អាមេរិក បង្ហាញ​ការគាំទ្រយ៉ាងពេញទំហឹង​ ដល់ប្រធានសភាជាតិ​វេណេស៊ុយអេឡា មកពី​គណបក្ស​ប្រឆាំង

January 16, 2019 141

វ៉ាស៊ីនតោន ៖ សារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា លោក ម៉ៃក៍ ភែន (Mike Pence) អនុប្រធានាធិបតី​អាមេរិក បានបង្ហាញ​ការគាំទ្រយ៉ាងពេញទំហឹង​ ដល់ប្រធានសភាជាតិ​វេណេស៊ុយអេឡា មកពី​គណបក្ស​ប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) ដែលបាន​ប្រកាសថា នឹងតាំងខ្លួនឯងជា​ប្រធានាធិបតី​ស្របច្បាប់ នៃប្រទេស​អាមេរិកឡាទីនមួយនេះ។

លោក Pence បានសន្យា​បន្តគំាទ្រគណបក្ស​ប្រឆាំង និងលោក Guaido នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទមួយ​​កាលពី​ថ្ងៃអង្គារ ជាមួយអះអាងថា សភាជាតិវេណេស៊ុយអេឡា​ គឺជាស្ថាប័នស្របច្បាប់​តែមួយគត់​នៅក្នុងប្រទេស។ ដោយឡែក បើតាមមន្ត្រី​សេតវិមានម្នាក់​ នៅក្នុងលក្ខខ័ណ្ឌ​មិនបញ្ចេញឈ្មោះ កិច្ចសន្ទនា​តាមទូរស័ព្ទនេះ​ បានកើតមានឡើងបន្ទាប់​ពីលោក Pence បានហៅ​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជាជនផ្ដាច់ការ​ម្នាក់ ដែលគ្មានភាព​ស្របច្បាប់ ក្នុងការកាន់​អំណាចនោះឡើយ។

អនុប្រធានាធិបតីអាមេរិក​រូបនេះ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក ​នឹងបន្តផ្ដល់ការគំាទ្រ​របស់ខ្លួន រហូតទាល់តែ​លទ្ធប្រជាធិបតេយ្យ​ត្រូវបានស្ដារ​ឡើងវិញ នៅក្នុងប្រទេស​វេណេស៊ុយអេឡា ហើយ​លោកក៏បាន​ជំរុញឲ្យគណបក្ស​ប្រឆាំងទាំងអស់​ រួបរួមគ្នា​ផងដែរ។

គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឈ្នះនៅក្នុង​ការបោះឆ្នោតប្រធានាធិបតី​ កាលពី​ខែឧសភា ឆ្នាំ២០១៨ ហើយលោក​បានឡើងស្បថ​កាន់​តំណែងសម្រាប់អាណត្តិទី២ របស់លោកដែលមានរយៈពេល៦ឆ្នាំ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅនេះ។ ប៉ុន្តែ សហរដ្ឋអាមេរិក​មិនបានទទួលស្គាល់​លទ្ធផលនេះ​ទេ រីឯសភាជាតិ​វេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សប្រឆាំងកាលពីថ្ងៃទី១១ ខែមករា បានប្រកាសថា លោក Guaido នឹងកាន់តំណែង​ជាប្រធានាធិបតី​វេណេស៊ុអេឡាស្ដីទី៕

Loading...