នាយករដ្ឋមន្រ្តីអេស៉្បាញ បង្ហាញការគាំទ្រគំនិតចង់​បង្កើត​​​កម្លាំងយោធាផ្ទាល់ខ្លួនរបស់អ៊ឺរ៉ុប ដើម្បីធានាសន្តិសុខ និងអធិបតេយ្យភាព​​អ៊ឺរ៉ុប

January 17, 2019 105

ព្រុចសែល ៖ សារ​ព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ បានចុះផ្សយថា លោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស៉្បាញ នាថ្ងៃពុធនេះ បានបង្ហាញការគាំទ្រចំពោះគំនិតនៃការចង់​បង្កើត​​​កម្លាំងយោធាផ្ទាល់ខ្លួនរបស់អ៊ឺរ៉ុប ដើម្បីធានាសន្តិសុខ និងអធិបតេយ្យភាព​​អ៊ឺរ៉ុប។

ថ្លែងក្នុងអំឡុងកិច្ចប្រជុំសភាអ៊ឺរ៉ុបនៅឯទីក្រុង Strasbourg ប្រទេសបារាំង លោក Sanchez បាននិយាយដូច្នេះថា «ដើម្បីធានា​ឲ្យបាននូវសុខសុវត្ថិភាព​នៃប្រជាពលរដ្ឋយើង និងដើម្បីពង្រឹង​តួនាទីរបស់យើងនៅលើពិភពលោក ពួកយើងត្រូវតែបង្ហាញពី​ការតាំងចិត្តឲ្យមុតមាំហើយបង្កើតយោធាអ៊ឺរ៉ុបពិតប្រាកដមួយ»។

គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា សហភាពអ៊ឺរ៉ុប​គួរ​តែមានកងទ័ពផ្ទាល់ខ្លួនពិតប្រាកដមួយ ដែលមិនអាស្រ័យទៅលើសហរដ្ឋអាមេរិក និងអាចការពារ​ខ្លួនឯងបាន។ អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បានគាំទ្រគំនិតនេះ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗ​ទៅ​វិញ។

ជាមួយគ្នានេះ ប្រធានផ្នែកគោលនយោបាយ​ការបរទេសរបស់សហភាពអ៊ឺរ៉ុប លោកស្រី Federica Mogherini ក៏បានបដិសេធ​​ផង​ដែរថា សហភាពអ៊ឺរ៉ុបពុំមានបំណងបង្កើតកម្លាំងទ័ពផ្ទាល់ខ្លួនឡើយ ខណៈ​ប្រមុខអង្គការ NATO លោក Jens Stoltenberg បាន​ព្រមានថា កិច្ចប្រឹងប្រែងរបស់សហភាពអ៊ឺរ៉ុប​មិនគួរប្រជែងគ្នា​ជាមួយ​ NATO ដែលលោកចាត់ទុកថា ជាសសរគ្រឹះនៃ​សន្តិ​សុខ​របស់អ៊ឺរ៉ុបនោះឡើយ៕​

Loading...