រុស្ស៊ី​ សម្រេច​បង្កើត​ការអភិវឌ្ឍ​កម្មវិធី​ជាតិ​មួយ​​ ស្រាវ​ជ្រាវ​​​​លើ​​​បញ្ហា​​​​គ្រោះថ្នាក់ផ្សេងៗ ​មកពីទីអវកាស

January 18, 2019 144

មូស្គូ ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ​២០១៩ បានចេញផ្សាយថា បណ្ឌិតសភា​វិទ្យាសាស្រ្ត នៃប្រទេស​រុស្ស៊ី​ (RAS) បាន​សម្រេច​ព្រមព្រៀង​ចំពោះការអភិវឌ្ឍ​កម្មវិធី​ជាតិ​មួយ​​ សំដៅ​ស្រាវ​ជ្រាវ​​​​លើ​​​បញ្ហា​​ និង​​​​មធ្យោបាយ​​ទប់ទល់នឹង​​គ្រោះថ្នាក់ផ្សេងៗ ​ដែលមកពីទីអវកាស​ដូចជា អាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និង​សំរាម​​អវកាស​ជាដើម។

បើតាមស្ថាប័ន RAS ក្រុមអ្នកស្រាវជ្រាវ​បានប្រទះឃើញ​វត្ថុអាចបង្កគ្រោះថ្នាក់ចំនួន​១៨,០០០ នៅទីអវកាស​ដែល ៩៩​ភាគរយ​​ក្នុងចំណោមនោះ​​​ គឺជាអាចម៍ផ្កាយ ខណៈដែលបច្ចុប្បន្ន​ការចូលរួមចំណែក​របស់ប្រទេសរុស្ស៊ី នៅក្នុង​ការប្រឹងប្រែង​​ចាប់សញ្ញា​នៃអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ​​ដែលអាចបង្កគ្រោះ​ថ្នាក់នោះ គឺមានអត្រាត្រឹម ០.១ភាគរយប៉ុណ្ណោះ រីឯ​សហរដ្ឋអាមេរិក​វិញ ​​គឺជាប្រទេស​សកម្មជាងគេ​ក្នុងរឿង​នេះ។

ជុំវិញបញ្ហាខាង​លើនេះ ប្រធានផ្នែករៀបចំ​ផែនការយុទ្ធសាស្រ្ត និង​កម្មវិធីពិសេសៗ​​នៃ​​​ទីភ្នាក់​ងារអវកាស​​រុស្ស៊ី Roscosmos ក៏បានលើក​ឡើងផងដែរថា រុស្ស៊ី គួរតែមាន​ការអភិវឌ្ឍគម្រោងថ្នាក់ជាតិមួយ ដើម្បីទប់ទល់​ជាមួយ​ហានិភ័យ​បែបនេះ​។ បើតាម​ចាំ​កាលពីដើមឆ្នាំ២០១៣ ប្រទេសរុស្ស៊ី​ បានទទួលរងគ្រោះដោយអាចម៍ផ្កាយធំមួយ ដែលបាន​បណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស និង​អគារនានា រងការខូចខាតយ៉ាងដំណំ។

កាលពីឆ្នាំ២០១៧ ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA បានឲ្យដឹងថា អាចម៍ផ្កាយ​មួយដុំដែលមានមុខ​កាត់ចន្លោះពី ១៥ម៉ែត្រ ទៅ ៣០ម៉ែត្រ​ បានហោះ​មកឆាបផែនដី​ក្នុងចម្ងាយ​ត្រឹម ៤៤,០០០គីឡូម៉ែត្រ​ពីគ្នាប៉ុណ្ណោះ។

ESA បានបញ្ជាក់ថា អាចម៍ផ្កាយ​ទំហំប៉ុននេះ បើ​ចូលមកក្នុងបរិយាកាស​ផែនដី នឹងជះឥទ្ធិពល​ស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍​ផ្ទុះអាចម៍ផ្កាយ ក្នុងទីក្រុង Chelyabinsk ប្រទេស​រុស្ស៊ី ដែលបានបង្ក​ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ​​នៅក្នុងតំបន់ កាលពីឆ្នាំ២០១៣ ដូច្នោះដែរ៕

Loading...