លោក ដូណាល់ ត្រាំ​ ផ្ញើលិខិត​មួយ​ច្បាប់តបទៅកាន់​លោក គីម ជុងអ៊ុន នៅមុន​កិច្ចប្រជុំកំពូលជាលើកទី២

January 24, 2019 144

វ៉ាស៊ីនតោន ៖ នាថ្ងៃពុធសប្តាហ៍នេះ សេតវិមានអាមេរិក បានបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ​ បានផ្ញើលិខិត​មួយ​ច្បាប់តបទៅកាន់​​ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅមុន​កិច្ចប្រជុំកំពូលជាលើកទី២ រវាង​មេដឹកនាំ​ទាំងពីរ​។

ការបញ្ជាក់ខាងលើធ្វើឡើង​ដោយ​អ្នកនាំពាក្យសេតវិមាន គឺលោកស្រី Sarah Sanders ដែលបាននិយាយយ៉ាងខ្លីដូច្នេះថា «​​​​លោកប្រធានាធិបតី (លោក ត្រាំ) បានឆ្លើយតបចំពោះលិខិតរបស់ លោក គីម ជុងអ៊ុន»។ លោក Kim Yong Chol ដែលជា​​ប្រធានក្រុមអ្នកចរចាបញ្ហា​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ​បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍​​មុន និងបានចូលជួបពិភាក្សាជាមួយ​ លោក ត្រាំ រយៈពេល​៩០នាទី នៅឯសេតវិមាន។

លោក Kim Yong Chol បាននាំយកមកជាមួយនូវ​លិខិត​របស់ លោក គីម ជុងអ៊ុន ដែលផ្ញើជូនលោក ដូណាល់ ត្រាំ។ ជាលទ្ធ​ផលនៅក្រោយជំនួបនេះ សេតវិមានបានប្រកាសថា កិច្ចប្រជុំកំពូលជាលើកទីពីរ​វាង​ លោក ត្រាំ និង លោក គីម ជុងអ៊ុន នឹង​ប្រព្រឹត្ត​ទៅនៅចុងខែកុម្ភៈ។

គួរជម្រាបថា បន្ទាប់ពីទទួលបានលិខិតពីលោក Kim Yong Chol លោក គីម ជុងអ៊ុន បានកោតសរសើរ​វាថាជាលិខិត​ដ៏ល្អមួយ​ និង​​បានសម្តែងការពេញចិត្តជាខ្លាំង នៅមុនជំនួបកំពូលលើកទីពីរ​ជា​មួយ​លោកប្រធានាធិបតីអាមេរិក។ ​បើតាមសេចក្តីរាយ​​ការណ៍​ព័ត៌មាននាពេលកន្លងទៅនេះ ​កិច្ចប្រជុំកំពូលត្រាំ-គីមលើកទីពីរ ទំនងជានឹង​ធ្វើឡើងនៅប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ​​ស្ថានីយទូរទស្សន៍អាមេរិក CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩៕

Loading...