បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត Land Cruiser បុក​របាំង​ថ្ម​ដាក់​កាត់​ទទឹង​ផ្លូវ រង​ការ​ខូចខាត​យ៉ាង​ដំណំ

January 26, 2019 157

ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​បើក​រថយន្ត​ស៊េរី​ទំនើប ​ក្នុង​ល្បឿន​យ៉ាងលឿន​មិន​ប្រយ័ត្ន​ ក៏ជ្រុល​ទៅ​បុក​របាំង​ថ្ម​ដាក់​កាត់​ទទឹង​ផ្លូវ ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ កាលពីវេលាម៉ោង​១យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០១៩ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៩២ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ​​ភ្នំពេញ​ ប៉ុន្តែមិនបង្កឲ្យអ្នកដទៃគ្រោះថ្នាក់នោះទេ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ​ម៉ាក​ Land Cruiser ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2BB-8286​ បើក​បរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ទីតាំងផ្លូវ​ខាង​​លើ ទើប​តែ​កាយ​ដាក់​ទុយយោ​ទឹក​ ហើយ​ក៏​មាន​ការ​លើ​របាំង​ថ្ម​មក​ដាក់​ពី​មុខ ​ដើម្បី​កុំ​មាន​ការ​ប៉ះ​ពាល់​ ប៉ុន្ដែ​របាំង​ថ្ម​ដែល​ដាក់​នោះ​គ្មាន​ដាក់​ចំណាំង​ផ្លាត​នឹង​ផ្លូវ​ងងឹត​ផង ​ស្របពេល​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​បែក​ខ្ទេច​អស់​ចំនួន​បី​កង់។

ចំណែក​រថយន្ត​វិញ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ​នោះ​ដែរ​អ្នក​បើកបរ​មិន​បាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ​ បាន​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​បាត់ ​ស្រមោល​តែ​ម្តង​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ​ដើម្បី​​រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ៕

Loading...