វេណេស៊ុយអេឡា ដាក់តាំងបង្ហាញ​សព្វាវុធ​ទិញ​​ពីរុស្ស៊ី​ ដើម្បីអួតពីកម្លាំង​យោធា ខណៈរង​សម្ពាធ​យ៉ាងខ្លាំងពីក្រុមសម្ព័ន្ធមិត្ត

January 28, 2019 179

ការ៉ាកាស ៖ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតី​វេណេស៊ុយអេឡា​ បានចូលរួម​ទស្សនាដោយផ្ទាល់ ​ការដាក់តាំងបង្ហាញ​សព្វាវុធ​ទិញ​​ពីរុស្ស៊ី​ អមទៅដោយ​ការបាញ់សាកល្បងនូវកាំភ្លើង​ធំប្រឆាំង​យន្ដហោះ និងរថក្រោះជាច្រើន​គ្រឿង​ ដើម្បីអួតពីកម្លាំង​យោធា និងភាព​ស្មោះស្ម័គ្រលើរដ្ឋាភិបាលលោក ខណៈកំពុងរង​សម្ពាធ​យ៉ាងខ្លាំងពីក្រុមសម្ព័ន្ធមិត្ត​ ឲ្យរៀបចំការ​បោះឆ្នោត​ឡើង​វិញ។

លោក ម៉ាឌូរ៉ូ មានអាយុ៥៦ឆ្នាំ​ កំពុងប្រឈមមុខ​នឹងការប្រកួតប្រជែង​អំណាចមួយមិន​ធ្លាប់មាន បន្ទាប់ពី​មេបក្សប្រឆាំង លោក Juan Guaido ប្រកាស​តែងតាំង​ខ្លួនឯងជាប្រធានាធិបតីស្ដីទី​វេណេស៊ុយអេឡា ក្រោមការគំាទ្រ​ពីសហរដ្ឋអាមេរិក និងប្រទេស​ច្រើនជាង២០ផ្សេងទៀត។ ប៉ុន្តែ ថ្លែងនៅក្នុង​ពិធីតាំងបង្ហាញសព្វាវុធ​ កាលពី​ថ្ងៃអាទិត្យ លោក ម៉ាឌូរ៉ូ បាន​សង្កត់ធ្ងន់ថា ការបង្ហាញពីសព្វាវុធនេះ ​គឺជាការបញ្ជាក់​ប្រាប់ពិភពលោកថា លោកទទួលបាន​ការគាំទ្រពីយោធា​វេណេស៊ុយអេឡា ដែលត្រៀមខ្លួន​រួចជា​ស្រេចដើម្បីការពារ​ប្រទេស។

លោក ម៉ាឌូរ៉ូ បានលើកឡើង​ដូច្នេះថា «លោក Guaido គឺជាផ្នែកមួយ​នៃគម្រោងធ្វើរដ្ឋប្រហារ​នៅវេណេស៊ុយអេឡា​របស់​សហរដ្ឋអាមេរិក... ប៉ុន្តែគ្មាននរណា​ម្នាក់គោរពមនុស្ស​ទន់ខ្សោយ កំសាក និងពួកក្បត់ជាតិ​នោះទេ ហើយក្នុងន័យនេះ​ការគោរពគឺ​មានតែលើមនុស្ស​ក្លាហាន ឆ្លាត និងមានអំណាច​ប៉ុណ្ណោះ។ វេណេស៊ុយអេឡា​​ចង់បាន និងស្រឡាញ់​សន្តិភាព ហើយយើង​ត្រៀម​ខ្លួនរួចរាល់ហើយ​ដើម្បីការពារ​វា»។

គួរបញ្ជាក់ថា បើតាមលោក ម៉ាឌូរ៉ូ ចាប់ពីថ្ងៃ១០ រហូតដល់​ថ្ងៃទី១៥ ខែកុម្ភៈ យោធា​វេណេស៊ុយអេឡា នឹងដឹកនាំការ​ធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយធំ​មួយ ហើយលោក​ចាត់ទុកថា នឹងក្លាយជាធ្វើសមយុទ្ធយោធាធំ និងសំខាន់បំផុត​ក្នុងប្រវត្តិសាស្ត្រ​ នៃប្រទេស​របស់លោក៕

Loading...