វេណេស៊ុយអេឡា៖ “មាសសុទ្ធទម្ងន់ជាង២០តោន” របស់ប្រទេស ​ត្រូវបានគេដឹក​ជញ្ជូនតាមយន្ដហោះ​ ជាសម្ងាត់​ទៅកាន់​រុស្ស៊ី

January 31, 2019 180

មូស្គូ ៖ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩ បានចេញផ្សាយថា សមាជិក​សភាបក្ស​ប្រឆាំង និងជាអតីតមន្ត្រី​ជាន់ខ្ពស់ធនាគារកណ្ដាល​វេណេស៊ុយអេឡា លោក ចូស ហ្គែរ៉ា (Jose Guerra) បានអះអាងថា «មាសសុទ្ធទម្ងន់ជាង ២០តោន» នៃប្រទេសរបស់លោក​ត្រូវបានគេដឹក​ជញ្ជូនតាមយន្ដហោះ​ ជាសម្ងាត់​ទៅកាន់ប្រទេស​រុស្ស៊ី។

លោក Jose Guerra ធ្វើការកត់សម្គាល់​បែបនេះ នៅលើសារមួយ​បង្ហោះលើ Twitter នៅថ្ងៃពុធ​សប្ដាហ៍នេះ។ លោក Guerra បានគូស​បញ្ជាក់ដូច្នេះ​ថា «យើងទទួលបាន​ព័ត៌មានពីក្រុមមន្ត្រីធនាគារ​កណ្ដាល​វេណេស៊ុយអេឡា (BCV) ថា​យន្ដហោះមួយគ្រឿង មកទីពីទីក្រុងម៉ូស្គូ​បានដឹកជញ្ជូនមាសជាង ២០តោន ឬស្មើនឹង ២០ភាគរយ​នៃទ្រព្យសម្បត្តិ BCV ចេញពីប្រទេស​វេណេស៊ុយអេឡា។ ដូច្នេះហើយ​យើងបាន​ស្នើឱ្យ BCV បញ្ជាក់ថា មានរឿង​អ្វីកើត​ឡើង»។

ក៏ប៉ុន្តែ​អ្នកនាំពាក្យវិមាន​ក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានច្រាន​ចោល​​ការអះអាងនេះ និងចាត់ទុកថា​វាជារឿងមិនពិត ហើយលោកបានជម្រុញ​ឱ្យសាធារណជន​កុំស្ដាប់ពាក្យចចាម​អារ៉ាម​បែបនេះ ខណៈ​ដែល​​ប្រទេស​វេណេស៊ុយអេឡា​កំពុងតែវឹកវរដោយ​ការលូកដៃរបស់​សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំ​របបដឹកនាំលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតី​ទើបស្បថឡើង​កាន់តំណែង​អាណត្តិថ្មី។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍​ខាងលើ​ត្រូវបានចេញផ្សាយមុនគេ ដោយសារព័ត៌មាន Bloomberg ហើយក្រោយ​មកត្រូវបានចុះផ្សាយជា​បន្តបន្ទាប់ដោយសារព័ត៌មាន​ដទៃៗជាច្រើន ជាមួយការអះអាង​ដូចៗគ្នាថា យន្ដហោះ Boeing 777 មួយគ្រឿង​ដែលផ្ទុក មនុស្ស ៤០០នាក់ ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី បានចុះចតនៅឯ​អាកាសយានដ្ឋានមួយក្នុង​ប្រទេស​វេណេស៊ុយអេឡា បន្ទាប់ពីហោះហើរ​ដោយផ្ទាល់ចេញពី​ទីក្រុងម៉ូស្គូ៕

Loading...