លោក ឡុក សំរិត ច្រានចោលសារចោទថា លោកយកឈ្មោះស្ថានីយទូរទស្សន៍ អប្សរា ទៅដើរជំរឹតទារប្រាក់ និងបានប្តឹងឲ្យសមត្ថកិច្ច និងតុលាការ វែកមុខជនទុច្ចរិត ដែលបង្ហោះព័ត៌មានមិនពិត

February 01, 2019 211

ភ្នំពេញ៖ លោក ឡុក សំរិត អ្នកយកព័ត៌មាន ដែលតែងតែសរសេរព័ត៌មានអំពីអ្វីកើតឡើតនៅតុលាការរាជធានីភ្នំពេញ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ បានចេញមុខបដិសេធចំពោះសារ ដែលត្រូវបានសរសេរក្នុងបំណងទុច្ចរិតថា លោកបានប្រព្រឹត្តទង្វើជំរិតទារប្រាក់ និងបង្កឲ្យខូចកិត្តិយសអ្នកសារព័ត៌មាន។ ប្រតិកម្មរបស់អ្នកកាសែត ឈ្មោះ ឡុក សំរិត គឺធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកក្លែងក្លាយ សរសេរអក្សរមិនត្រូវអក្ខរាវិរុទ្ធខ្មែរ ឈ្មោះ «ពត័មាន ពិត» បង្ហោះរូបភាព និងសារជាអក្សរ ក្នុងន័យបង្កាច់បង្ខូចកិត្តិយស និងមានចរិតញុះញង់ឲ្យមានការរើសអើងចំពោះអ្នកដទៃ ដោយគ្មានការទទួលខុសត្រូវ។ លោក ឡុក សំរិត បានបដិសេធ លោកមិនបានប្រព្រឹត្តដូចការលើកឡើងលើគណនីហ្វេសប៊ុកក្លែងក្លាយនេះឡើយ។

ម្យ៉ាងទៀតចំពោះការចោទថា លោកបានយកឈ្មោះ ឬអត្តសញ្ញាណរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ទៅប្រើប្រាស់ក្នុងការបំពេញការងារនោះ ក៏មិនពិតដែរ។ សូមបញ្ជាក់ថា ក្រោយពីលែងធ្វើការនៅកម្មវិធីបណ្តាញព័ត៌មានអប្សារា (Apsara News Network ហៅកត់ថា ANN) លោក ឡុក សំរិត បានចាប់ផ្តើមការងារថ្មីនៅស្ថាប័នផ្សេង គឺសារព័ត៌មាន Swift News ដែលនៅស្ថាប័ននេះ លោកតែងតែសរសេរព័ត៌មានកើតឡើងនៅសាលាដំបូងរាជធានីភ្នំពេញ។

ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនលោកផ្ទាល់ និងដល់ស្ថាប័ន ដែលលោកកំពុងបំពេញការងារ លោក ឡុក សំរិត បានដាក់ពាក្យបណ្តឹង តាមរយៈមេធាវី ទៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ និងដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សុំឲ្យស្រាវជ្រាវវែកមុខរកក្រុមជនទុច្ចរិត និងបក្ខពួក ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងបានសហការគ្នាបង្កើតជាប្រព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អ្នកដទៃ៕

ប្រភព Swift News សូមអានលិខិតបំភ្លឺ និងពាក្យបណ្តឹងដូចខាងក្រោម៖

Loading...