អូស្ត្រាលី៖ យន្ដហោះចម្បាំង​របស់ខ្លួនប្រហែលជា​បានធ្វើឲ្យបាត់បង់ជីវិតជនស៊ីវិល ចំនួន១៨នាក់ ក្នុងសង្គ្រាមកម្ទេច ISIS នៅអ៊ីរ៉ាក់

February 01, 2019 167

អូស្រ្តាលី ៖ សារព័ត៌មាន​ BBC នៅព្រឹកថ្ងៃសុក្រ ទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានសារភាពថា យន្ដហោះចម្បាំង​របស់ខ្លួនប្រហែលជា​បានធ្វើឲ្យបាត់បង់ជីវិតជនស៊ីវិល ចំនួន១៨នាក់ នៅក្នុងប្រតិបត្តិការ​វាយប្រហារតាមផ្លូវអាកាស​ ប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេស​អ៊ីរ៉ាក់។

យោងតាម ADF ឧប្បដិហេតុខាង​លើបានកើតឡើងនៅ​ក្នុងឆ្នាំ២០១៧ អំឡុងការវាយប្រហារ​តាមផ្លូវអាកាសដឹកនាំ​ដោយ​​សហរដ្ឋអាមេរិក ដើម្បីដណ្ដើមទីក្រុង ម៉ូស៊ុល (Mosul) ពីក្រុមភេរវករ ISIS មកវិញ។ ប៉ុន្តែ​ទន្ទឹមគ្នា ADF បាននិយាយថា បច្ចុប្បន្នខ្លួន​មិនទាន់បញ្ជាក់​ឱ្យប្រកដថា តើកងកម្លាំង​អូស្ត្រាលី ឬក៏កងកម្លាំង​ណាមួយ​ជាអ្នកនៅពីក្រោយ​ ការសម្លាប់ជន​ស៊ីវិលនោះទេ។

គួរជម្រាបថា យន្ដហោះ​ចម្បាំងអូស្ត្រាលី F/A-18F Super Hornets ០២គ្រឿងបានទម្លាក់គ្រាប់បែកលើក្រុម ISIS នៅក្នុងតំបន់​ទីប្រជុំមួយកាល​ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីមាន​សំណើពីកងទ័ពជើង​គោក​អ៊ីរ៉ាក់៕

Loading...