សម្តេច​តេជោ​ ថា​ “ដាច់​ខាត​ការពារ​របប​រាជានិយម​ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ” ក្រោយ​អាស៊ី​សេរី​ ផ្សាយ​មួល​បង្កាច់​

February 01, 2019 416

ភ្នំពេញ ​៖ ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បានបញ្ជាក់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រកាន់​ជំហរ​ដាច់ខាត ​និង​ឥត​ងាករេ​ ទោះបី​ក្នុង​តម្លៃ​ណា​ក៏ដោយ​ “ការពារ​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋ​ធម្មនុញ្ញ​ ព្រះរាជ​បល្ល័ង្ក​ និង​បាវចនា​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ឲ្យ​បាន​គង់វង្ស​”។

សេចក្ដី​ថ្លែងការណ៍​ នៅ​ថ្ងៃទី​១​ ខែ​កុម្ភៈ​នេះ​ បានច្រានចោល ​និង​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ នៅ​រាត្រី​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០១៩​ នូវ​ព័ត៌មាន​មិនពិត​ មាន​លក្ខណៈ​បំភ័ន្ត​ និង​បំពុល​សាធារណមតិ​អំពី​ “ផែនការ​របស់​រាជរដ្ឋាភិបាល ​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​កែប្រែ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ ឲ្យទៅ​ជា​របប​សាធារណរដ្ឋ​”។

អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ សូម​សាធារណមតិ​ជាតិ​ និង​អន្តរជាតិ​ កុំ​ជឿ​ឲ្យសោះ​នូវ​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ជា​ទស្សនៈ​របស់​វិទ្យុ​អាស៊ី​សេរី​ ដែល​ជានិច្ចកាល​ គ្មាន​គោលបំណង​អ្វី​ក្រៅ​ពី​ការ​បំភ័ន្ត​ មួល​បង្កាច់​ និង​បំពុល​សាធារណមតិ​ បង្ក​ចលាចល​ បំបែកបំបាក់​ធ្លុង​សាមគ្គី​ជាតិ​ និង​ បំផ្លាញ​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​នោះ​ឡើយ​៕

Loading...