កូរ៉េខាងជើង ​ប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ព​របស់ខ្លួនដោយស្ងាត់ៗ​ គឺពុំមានការ​ធ្វើព្យុហយាត្រាយោធា

February 09, 2019 85

ព្យុងយ៉ាង ៖ សារព័ត៌​មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្សាយថា ប្រទេសកូរ៉េខាងជើង ​បានរៀបចំប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ព​របស់ខ្លួនដោយស្ងាត់ៗ​ គឺពុំមានការ​ធ្វើព្យុហយាត្រាយោធា ឬក៏ការបង្ហាញសាច់ដុំក្នុងទម្រង់ណាមួយឡើយ។

ទិវាខាងលើដែលរម្លឹកពីការបង្កើតកងទ័ពកូរ៉េខាងជើង KPA កាលពី​ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៤៨ គឺជាទិវាជាតិដ៏ធំបំផុតមួយរបស់​ប្រទេសកូរ៉េខាងជើង។ នៅឆ្នាំ២០១៨ ពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងនៅឯទីក្រុងព្យុងយ៉ាងដើម្បី​បង្ហាញ​ពីបរិក្ខាយោធា​និងសព្វាវុធចម្រុះផ្សេងៗ ក្នុងឱកាសអបអរគម្រប់ខួប៧០ឆ្នាំ។

គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នាថ្ងៃទី២៧និងទី២៨ ចុងខែកុម្ភៈនេះ លោកនឹង​បើក​កិច្ចប្រជុំកំពូលជាលើកទីពីរ​ជាមួយ​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅរដ្ឋធានីហាណូយ នៃប្រទេស​វៀតណាម​ ដើម្បីបន្តជំរុញកិច្ចចរចាជុំវិញបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕

Loading...