លោក ត្រាំ ព្រមានទាត់​ចោល​​កិច្ចប្រឹងប្រែង​របស់​​​សភា សម្រាប់​សង្រ្គាមទម្លាក់​គ្រាប់​បែក​​នៅយេម៉ែន ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត

February 12, 2019 107

វ៉ាស៊ីនតោន ៖ ​​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទ​សប្តាហ៍នេះ ព្រមានទាត់​ចោល​​កិច្ចប្រឹងប្រែង​របស់​​​សភាអាមេរិក ដែលមានគោលដៅ​បិទបញ្ចប់ការគាំទ្រផ្នែក​យោធារបស់ទីក្រុង​វ៉ាស៊ីនតោន សម្រាប់​សង្រ្គាមទម្លាក់​គ្រាប់​បែក​​នៅយេម៉ែន ដែលដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត។

កាលពី២សប្តាហ៍មុន ​មន្រ្តីបក្ស​ប្រជាធិបតេយ្យ និងសាធារណរដ្ឋ​នៅក្នុងសភា​ (រដ្ឋសភា) សហរដ្ឋអាមេរិក បានបង្ហាញ​ចេញជាថ្មីនូវ​សេចក្តី​សម្រេច​លើ​ដំណោះស្រាយមួយ ដើម្បីធ្វើជា​សារបង្កប់អត្ថន័យ​យ៉ាងធ្ងន់មួយ​ទៅកាន់ទីក្រុងរីយ៉ាដ ទាំងអំពី​មហន្តរាយមនុស្សជាតិ​​នៅ​យេម៉ែន និង​ការថ្កោលទោស​ចំពោះករណី​ឃាតកម្មទៅលើអ្នកកាសែត​ Washington Post ដែលជាជនជាតិ​អារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ​ក្នុង​ស្ថានកុលស៊ុល​អារ៉ាប៊ីសាអូឌីត នៅ​ប្រទេស​តួកគី។

ក៏ប៉ុន្តែរដ្ឋាភិបាល​លោក ត្រាំ បាននិយាយថា ដំណោះស្រាយនេះ​ហាក់ដូចជាមិន​សមរម្យឡើយ ដោយសារតែ​​កងទ័ព​​អាមេរិក​​បានផ្តល់សេវា​ចាក់សាំង​យន្តហោះ និងការគាំទ្រ​ផ្សេងៗទៀត ក្នុងសង្រ្គាម​នៅយេម៉ែន ពោលគឺមិនមែន​បញ្ជូនទ័ពឲ្យទៅ​ប្រយុទ្ធ​​​​នោះទេ ហើយម៉្យាង​វិញទៀត ចំណាត់ការនេះ​នឹងបំផ្លាញដល់ទំនាក់ទំនង​​នៅក្នុងតំបន់ ​ព្រមទាំង​ប៉ះពាល់​​ដល់សមត្ថភាព​របស់​អាមេរិក ក្នុងការទប់ស្កាត់​ការរីករាលដាលនៃ​អំពើហិង្សាជ្រុល​និយម។

គួរជម្រាបថា អារ៉ាប៊ីសាអូឌីត ដែល​លោក ដូណាល់ ត្រាំ ចាត់ទុកជា​ដៃគូសំខាន់នៅ​មជ្ឈិមបូព៌ា កំពុងបន្តដឹកនាំ​​ប្រតិបត្តិការ​យោធាចម្រុះ ដើម្បីប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុមឧទ្ទាម ហួធី (Houthi) ដែលគាំទ្រដោយ​​អ៊ីរ៉ង់ នៅក្នុងប្រទេស​យេម៉ែន។ សង្រ្គាមនៅ​ក្នុង​​ប្រទេសនេះ ត្រូវគេជឿជាក់ថា បានសម្លាប់ជីវិត​មនុស្សរាប់សែន​នាក់ និង​​បន្សល់ទុក​ឲ្យមនុស្សរាប់លាននាក់ប្រឈមមុខ​ជាមួយ​គ្រោះ​ទុរភិក្ស​។ ចំណែក​សហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រ​ដល់យុទ្ធនាការ​ទម្លាក់គ្រាប់បែក ​តាមផ្លូវអាកាសរបស់​អារ៉ាប៊ីសាអូឌីត តាមរយៈការ​ចាក់​សាំងយន្តហោះ​លើអាកាស និងការផ្តល់ព័ត៌មាន​សម្ងាត់​ជាដើម៕

Loading...