មេបក្សប្រឆាំង​វេណេស៊ុយអេឡា ជួបប្រជុំជាមួយ​​តំណាង​រដ្ឋាភិបាល​​ចិន ដើម្បីជជែកពី​កិច្ច​សហប្រតិបត្តិការ

February 13, 2019 89

ការ៉ាកាស់ ៖ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុករបស់វេណេស៊ុយអេឡា ​បានរាយការណ៍ថា សមាជិកនៃគណៈកម្មការ​ពិសេសមួយ ដែលបង្កើតឡើង​ដោយមេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) បានជួបប្រជុំជាមួយ​​ក្រុមអ្នកតំណាង​រដ្ឋាភិបាល​​ចិន ដើម្បីជជែកពី​កិច្ច​សហប្រតិបត្តិការ។

យោងតាមសារព័ត៌មាន​វេណេស៊ុយអេឡា Nacional ​បានឲ្យដឹងថា កិច្ចប្រជុំមួយ​ចំនួនត្រូវបានធ្វើឡើងនៅ​​រដ្ឋធានីវ៉ាស៊ីនតោន ក្រោមការ​​​សម្របសម្រួល​របស់លោក ខាឡូស វេកជីអូ (Carlos Vecchio) ដែលជាបេសកជន​របស់លោក Guaido នៅសហរដ្ឋអាមេរិក ហើយ​ក្រុមបក្ស​ប្រឆាំង​វេណេស៊ុយអេឡាសង្ឃឹមថា នឹងអាចបន្តទាក់ទង​ជាមួយចិន ដើម្បីពិភាក្សាអំពី​កិច្ចសហប្រតិបត្តិការ រួមមាន​ការវិនិយោគ​របស់ចិន​នៅក្នុងវិស័យ​ឧស្សាហកម្មប្រេង​របស់វេណេស៊ុយអេឡា​ជាដើម ប៉ុន្តែ​ពុំមាន​ការ​ផ្សាភ្ជាប់​ណាមួយ​ចំពោះរឿង​នយោបាយ និងភាពចលាចលនៅវេណេស៊ុយអេឡា​នោះឡើយ។

គួរជម្រាបថា ស្ថានការណ៍នៅក្នុង​ប្រទេសវេណេស៊ុយអេឡាបានជួបភាពតានតឹង​ខ្លាំង កាលពីខែមករា នៅពេលដែល​​លោក Guaido បានប្រកាសតែងតាំង​ខ្លួនឯងជា​ប្រធានាធិបតី​ស្តីទី​​ ​ដើម្បីប្រឆាំងនឹងការបន្តកាន់​អំណាចរបស់​ប្រធានាធិបតី​ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលបាន​ជាប់ឆ្នោតដោយស្រប​ច្បាប់។

ស្ទើរតែភ្លាមៗ​ក្រោយការប្រកាស​របស់ លោក Guaido ​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន​របស់ទីក្រុង​វ៉ាស៊ីនតោន ក៏​បាន​​ចេញមុខ​ទទួលស្គាល់ ខណៈចិន រុស្ស៊ី និងប្រទេស​មួយចំនួនទៀត បានផ្តល់សំឡេង​គាំទ្រចំពោះ​​លោក ម៉ាឌូរ៉ូ ថាជាមេដឹកនាំ​​ស្របច្បាប់ និងត្រូវបានបោះឆ្នោត​ជ្រើសរើស​ត្រឹមត្រូវជាមេដឹកនាំ​នៃប្រទេស​វេណេស៊ុយអេឡា។ នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩៕

 

Loading...