នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល សម្រេចចិត្តបោះបង់ចោល​តួនាទីជារដ្ឋមន្ត្រី​ការបរទេស ក្រោយទទួលសម្ពាធ

February 18, 2019 138

តែលអាវីវ ៖ សារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញផ្សាយថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានសម្រេចចិត្តបោះបង់ចោល​តួនាទីជារដ្ឋមន្ត្រី​ការបរទេស ដោយប្រគល់​តំណែងនេះ ទៅឲ្យរដ្ឋមន្ត្រីស៊ើបការណ៍​សំងាត់ជាតិ លោក អ៊ីស្រាអែល ខេតស៍ (Israel Katz)។

ការសម្រេចចិត្ត​ប្រគល់តំណែងជារដ្ឋមន្ត្រីការបរទេស​ស្ដីទីឱ្យលោក Katz កើតមានឡើង​បន្ទាប់ពីក្រុមប្រឹក្សា​នយោបាយមួយ បានស្នើ​ឲ្យតុលាការដាក់​សម្ពាធលើលោក Netanyahu បញ្ឈប់ការដើរ​តួនាទីជារដ្ឋមន្ត្រី​ការបរទេស។ ដោយឡែកបើតាម​ក្រុមមន្ត្រី​អ៊ីស្រាអែល លោក Katz ដែលនឹង​នៅតែបន្តកាន់តំណែងជារដ្ឋមន្ត្រី​ស៊ើបការណ៍​សំងាត់ និងជារដ្ឋមន្ត្រីដឹក​ជញ្ជូនផងនោះ នឹងទទួល​បន្ទុកកិច្ចការ​នយោបាយ​ការបរទេស រហូតដល់​ការបោះឆ្នោតសភា​នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា ក្រៅតែពីតំណែង​ជានាយករដ្ឋមន្ត្រី លោក Netanyahu ក៏កំពុងកាន់តំណែង​ជារដ្ឋមន្ត្រី​សុខាភិបាល និងរដ្ឋមន្រ្តីការពារជាតិ​ផងដែរបន្ទាប់ពីលោក អាវីកដ័រ ឡៃប៊ឺមិន (Avigdor Lieberman) លាលែងពីតំណែង​​នេះ​កាលពី​​ខែវិច្ឆិកា ឆ្នាំ២០១៨៕

Loading...