លោក ត្រាំ ព្រមានចំៗទៅ​កាន់សហភាពអឺរ៉ុបថា អាមេរិកនឹងតំឡើងពន្ធ​បន្ថែម ប្រសិនបើការ​ចរចាគ្នា​នៅតែពិបាក

February 21, 2019 146

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិក ​នឹងនៅតែធ្វើការ​យកពន្ធកម្រិតខ្ពស់ ទៅលើយានយន្ត​ដែលនាំចូលពី​សហភាពអ៊ឺរ៉ុប (EU) ប្រសិន​បើទីភ្នាក់ការកណ្តាលអ៊ឺរ៉ុប នៅទីក្រុងព្រុចសែល ​មិនអាចសម្រេច​បានកិច្ចព្រមព្រៀង​​សមរម្យមួយ​ ជាមួយសហរដ្ឋអាមេរិក​ទេនោះ។

នាកំឡុង​សន្និសីទសារព័ត៌មាន​ខ្លីមួយ ជាមួយ​អធិបការបតីអូទ្រីស លោក សេបាស្ទាន ឃើស (Sebastian Kurz) នៅឯសេតវិមានទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បាន​បញ្ជាក់ច្បាស់ៗ​យ៉ាង​ដូច្នេះថា «ប្រសិនបើយើងមិន​អាចសម្រេចកិច្ច​ព្រមព្រៀង​ជា​មួយ EU បានទេនោះ ពួកយើងនឹងអនុវត្តន៍​​​​ចំណាត់ការទារពន្ធ​ក្នុងកម្រិតខ្ពស់​ពីពួកគេ»។ លោក ត្រាំ ក៏បានឲ្យដឹង​ផងដែរថា កន្លងមកនេះសហភាពអ៊ឺរ៉ុប​ដូចជាពិបាក​ក្នុង​ការចរចាគ្នា​ខ្លាំងណាស់។

គួរជម្រាបថា បញ្ហាវិវាទផ្នែកពាណិជ្ជកម្ម​រវាង​​សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប​បានឈានដល់ភាព​តានតឹងខ្លាំង បន្ទាប់ពី​​លោក ត្រាំ​ ប្រកាសពីវិធានការ​យកពន្ធ ២៥ភាគរយ​លើ​ដែកថែប និង ១០ភាគរយលើ​អាលុយមីញ៉ូម ដែលនាំចូលពីប្លុក​ដែល​​មានសមាជិក ២៨ប្រទេសនេះ រួមជាមួយប្រជាជាតិ​មួយចំនួនទៀត កាលពី​ខែមីនា ឆ្នាំ២០១៨។

មួយវិញទៀត​កាលពីខែកក្កដា ឆ្នាំ២០១៨ ទោះបាននិយាយថា លោកនឹងមិនទាន់អនុវត្តន៍ចំណាត់ការទារពន្ធថ្មីនេះ​​លើ​ទំនិញរបស់ EU ក៏ដោយ​លោក ត្រាំ បានព្រមានជា​ច្រើនដងថា នឹងយកពន្ធក្នុង​អត្រា ២៥ភាគរយលើ​រថយន្តនាំចូល​ពីសហភាពអ៊ឺរ៉ុប ដើម្បីតុល្យភាពពាណិជ្ជកម្ម។ នេះបើតាម​ការអះអាង​ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់សម្តី​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩៕

 

Loading...