កម្ពុជា ធ្វើជាម្ចាស់ផ្ទះ “Miss Planet International ២០១៩” ខណៈកញ្ញាឯកជាង៤០ប្រទេស មកបង្អួតសម្រស់ជុំគ្នា

February 25, 2019 575

ភ្នំពេញ ៖ បវកញ្ញាឯក​៤០​ប្រទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក បាននឹងកំពុងតែបំពេញបេកសកកម្មយ៉ាងមមាញឹក ក្នុងដំណើរឆ្ពោះទៅកាន់ ការគ្រងមកុដរាជនីសម្រស់លើកដំបូង ក្នុងកម្មវិធី «Miss Planet International ២០១៩» ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍នេះ។

អ្នកនាង ម៉ីន ហាលីម៉ាស់ អគ្គនាយិកាក្រុមហ៊ុន «Miss Planet International ២០១៩» និង ជាអ្នករៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដី បាននិយាយថា ឆ្នាំនេះគឺជាឆ្នាំដំបូង ដែលយើងបាននាំយកនូវ ព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ថ្នាក់អន្ដរជាតិថ្មី មួយមកកាន់ប្រទេសកម្ពុជា ក្រោមការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន។

អ្នកនាង បានបន្តទៀតថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ​គឺដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណីជាតិ ​ទេសចរណ៍ បរិស្ថានធម្មជាតិ ទំនៀមទម្លាប់ប្រពៃណី​ប្រចាំប្រទេសនីមួយៗ ដែលមានបវរកញ្ញាមកពី ៤០ប្រទេសចូលរួម ខណៈដែលបេក្ខភាព បវរកញ្ញាដែលតំណាងឲ្យកម្ពុជា ត្រូវបានគេស្គាល់ថា ឈ្មោះ រីចំណាន កល្យាណ ដែលជាបេក្ខនារី ត្រូវចូលរួមប្រកូតប្រជែងដណ្ដើម ជ័យលាភីម្ចាស់មកុដ Miss Planet International ២០១៩។

កញ្ញា រីចំណាន កល្យាណ ក៏បានបង្ហាញអារម្មណ៍រីករាយ និង រំភើប ដែលមានឱកាស បានចូលរួមប្រកូតប្រជែងបែបអន្ដរជាតិ។ នាងបានរៀបរាប់ថា ខ្លួនពិតជាមានផលលំបាកជាច្រើន ដែលត្រូវទ្រាំជាមួយនឹងស្បែកជើងកែង ហើយត្រូវតមអាហារ ហ្វឹកហាត់សមត្ថភាព ការរៀបចំខ្លួន ពោលគឺត្រូវរៀបចំខ្លួនឲ្យស័ក្តិសមជាបេក្ខភាព ប្រឡងកម្មវិធីបវរកញ្ញាឯក​តែម្ដង។ ចំពោះពេលវេលានៃការហ្វឹកហាត់ គឺមានច្រើន ទាំងការដើរ ការនិយាយ​ការរៀបចំខ្លួន។ ការហ្វឹកហាត់ដែលជួបការលំបាក គឺការដើរ ការពាក់ស្បែកជើងកែងយូរម៉ោង។

សូមជម្រាបថា កម្មវិធីបវកញ្ញាឯកភពផែនដី «Miss Planet International ២០១៩» នឹងចាប់ផ្ដើមប្រកួត ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ០១ ខែមិនាឆ្នាំ ២០១៩ នៅមហោស្រពកោះពេជ្រ៕

Loading...