អាមេរិក ​នឹងដកកងទ័ពរបស់ខ្លួន​ ចេញពីប្រទេស​អាហ្វហ្គានីស្ថាន ក្នុងចន្លោះ​ពេលពី៣ឆ្នាំ ទៅ៥ឆ្នាំ​ខាង​មុខ

March 01, 2019 140

វ៉ាស៊ីនតោន ៖ សារព័ត៌មាន​​អាមេរិក The New York Times នៅរសៀលថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយថា អាមេរិក ​នឹងដកកងទ័ពរបស់ខ្លួន​ ចេញពីប្រទេស​អាហ្វហ្គានីស្ថាន ក្នុងចន្លោះ​ពេលពី៣ឆ្នាំ ទៅ៥ឆ្នាំ​ខាង​មុខ។

នៅក្រោមផែនការ​ថ្មីមួយរបស់ក្រសួង​ការពារជាតិ​អាមេរិក ក៏រួមមាន​នូវគោលដៅកាត់បន្ថយ​ចំនួនកងទ័ពអាមេរិក​​ប្រមាណ​ ​១៤,០០០នាក់ ដែលកំពុង​ឈរជើងនៅ​អាហ្វហ្គានីស្ថាន ចេញ​ពាក់កណ្តាលផងដែរ ក្នុងពេលប៉ុន្មាន​ខែខាងមុខនេះ។ បើតាម​ផែនការ​ដដែលនេះ ​កងកម្លាំងអ៊ឺរ៉ុប និងអន្តរជាតិ​ប្រមាណ ៨,៦០០នាក់ ដែលមានវត្តមាន​នៅ​​អាហ្វហ្គានីស្ថាន នឹងផ្តោត​ទៅលើ​ការហ្វឹកហាត់​សមត្ថភាពដល់យោធា​អាហ្វហ្គានីស្ថាន ខណៈទ័ពអាមេរិក​ត្រូវបង្វែរទៅផ្តោត​លើ ប្រតិបត្តិការបង្រ្កាប​​​ភេរវកម្ម​​វិញ។

ផែនការថ្មីខាងលើរបស់ក្រសួង​ការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា មានគោលដៅ​ជួយដល់កិច្ចខិតខំចរចា​​ រវាង​​ទីក្រុង​​វ៉ាស៊ីនតោន និងក្រុមឧទ្ទាម​តាលីបង់នៅ​អាហ្វាហ្គានីស្ថាន។

គួរជម្រាបថា បច្ចុប្បន្ន​កងទ័ពអាមេរិក​សរុប​ ១៤​,០០០នាក់ ត្រូវបានដាក់​ពង្រាយនៅ​អាហ្វហ្គានីស្ថាន ហើយ​មកទល់ពេលនេះ​​តួលេខ​នៃកងទ័ព​អាមេរិកដែល​បានបាត់បង់​ជិវិតនៅអាហ្វហ្គានីស្ថានបានកើ​នលើសពី ២,៤០០នាក់ គិតចាប់តាំងតែ​ពី​អាមេរិក​បាន​លើកទ័ព​ចូលប្រទេស​អាស៊ីខាងត្បូងនេះ​ កាលពីឆ្នាំ២០០១៕

Loading...