រុស្ស៊ី ​​ ព្រមានថា ខ្លួននឹងធ្វើការ​ដាក់ពង្រាយ​​គ្រាប់​មីស៊ីល​ដែល​អាចធ្វើការវាយប្រហារទ្វីប​អ៊ឺរ៉ុបទាំងមូល បើសិនជា​អាមេរិក…

March 05, 2019 95

មូស្គូ ៖ សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយថា ក្រោយពី​ការប្រកាសដកខ្លួនពី​សន្ធិសញ្ញា INF ទាំងសង​ខាងរួចហើយ​នោះ ប្រទេសរុស្ស៊ី​​បានប្រកាសព្រមានទុក​ជាមុនម្តងទៀតថា ខ្លួននឹងធ្វើការ​ដាក់ពង្រាយ​​គ្រាប់​មីស៊ីល​ដែល​អាចធ្វើការវាយប្រហារទ្វីប​អ៊ឺរ៉ុបទាំងមូល បើសិនជា​សហរដ្ឋអាមេរិក​សម្រេច​ចិត្ត​ធ្វើការ​ដាក់​ពង្រាយមីស៊ីល​ដូចគ្នានេះ នៅលើ​ទ្វីបអ៊ឺរ៉ុបចំពោះមុខទីក្រុងមូស្គូ។

ការថ្លែង​​ខាងលើនេះ ​ត្រូវបានធ្វើឡើង​ដោយ​អគ្គរដ្ឋ​ទូតរុស្ស៊ី ប្រចាំនៅ​​សហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) ចំពោះ​មុខអនាគត​​ នៃការរត់​ប្រណាំង​សព្វាវុធ​រវាងមហាយក្សយោធាសកលលោកទាំងឡាយ ដែលមិន​អាច​គេចផុត។ លោក Antonov បានបញ្ជាក់​យ៉ាង​ដូច្នេះថា “យើងពិតជា​មានការព្រួយ​បារម្ភជាខ្លាំង បន្ទាប់ពី​​សហរដ្ឋអាមេរិក​បានសម្រេច​ដកខ្លួនចេញពី​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ INF និង​ការ​គ្រោង​ដាក់​ពង្រាយ​​គ្រាប់មីស៊ីល​នៅលើទឹកដី​ សម្ព័ន្ធមិត្ត​នានារបស់ខ្លួននៅទ្វីប​អឺរ៉ុបនោះ”

អគ្គរដ្ឋទូត​រុស្ស៊ីបានសង្កត់ធ្ងន់បែបព្រមាន​យ៉ាងដូច្នេះថា “យើងនឹងត្រូវបង្ខំចិត្តឲ្យ​ដាក់​ពង្រាយមីស៊ីលរបស់យើង ហើយនៅពេលនោះអ្នកនឹងមើលឃើញថា ប្រទេសទាំងអស់​នៅក្នុងទ្វីបអឺរ៉ុប នឹងត្រូវ​ស្ថិតនៅក្នុង​ការតម្រង់ទិសរបស់យើង”។ បន្ថែមពីនេះ​​តំណាង​រុស្ស៊ី​បានអំពាវនាវ​ផងដែរឲ្យ​សហរដ្ឋអាមេរិក និងរុស្ស៊ីងាក​មកធ្វើការ​សហការគ្នា​ ដូចជាការ​ទប់ស្កាត់​អំពើភេរវកម្មជាដើម ហើយរុស្ស៊ីពិត​ជាស្វាគមន៍ចំពោះ​រឿងនេះ៕

Loading...