អស់កម្លាំងខ្លាំងណាស់សុំដេកក្នុងប្រឡាយសិនហើយ ! រថយន្តពីរគ្រឿង បើកបរក្នុងល្បឿនលឿនពេក ក៏រអិលធ្លាក់ពីលើផ្លូវ នៅផ្លូវជាតិលេខ៤

March 19, 2019 385

ព្រះសីហនុ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយរថយន្ត២គ្រឿង បានក្រឡាប់ធ្លាក់ផ្លូវខ្លួនឯងផ្ទួនៗគ្នាជាបន្តបន្ទាប់ កាលពីម៉ោង២៖៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានថ្លែងថា រថយន្តទី១ ម៉ាកហ៊ីយ៉ាន់ដាយ២តោនកន្លះ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៣២៩៥ បើកបរដោយឈ្មោះ ជា សំណាង អាយុ៤៥ឆ្នាំ មុខរបរ ជាអ្នកបើកបរ មានទីលំនៅសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ចំណែករថយន្តទី២ ម៉ាកកូរ៉េ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៧៣៨៧ បើកបរដោយឈ្មោះ វ៉ាន់ ទូ អាយុ៣២ឆ្នាំ មុខរបររ ជាអ្នកបើកបរដូចគ្នា មានទីលំនៅភូមិអូរចំណា ឃុំអូរឧញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុចខាងលើ ដោយរថយន្តបើកល្បឿនលឿន ចំពេលមេឃកំពុងភ្លៀងកក់ខែផង ក៏រអិលក្រឡាប់ទៅខាងឆ្វេងដៃដូចគ្នា និងក្រឡាប់ឆ្ងាយពីគ្នាប្រហែល៣០ម៉ែត្រប៉ុណ្ណោះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាត និងបាក់បង្គោលសុវត្តិភាពតាមផ្លូវចំនួន៧ដើម ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ កងរាជអាវុធហត្ថស្នាក់ការ៤០១ និងប៉ូលិសរដ្ឋបាលឃុំតានៃ បានសហការអន្តរាគមន៍គ្នា ធ្វើតាមបច្ចេកទេស និងនីតិវិធីច្បាប់៕

Loading...