អស់បារម្ភ! បំបាត់អាការៈឈឺកញ្ចឹងកឆាប់រហ័ស ជាមួយរូបមន្តបែបធម្មជាតិ ងាយៗទាំងនេះ

March 25, 2019 292

សុខភាព ៖ តើអ្នកកំពុងជួបប្រទះ បញ្ហាឈឺចាប់ត្រង់កញ្ចឹងក ហើយមិនដឹងដោះស្រាយ បែបណាមែនទេ?

មិនថាការឈឺចាប់បណ្ដាលមកពី ឥរិយាបថមិនល្អ, ការរងរបួស ឬស្ថានភាពសុខភាព ណាមួយនោះទេ គឺវានឹងជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់អ្នក។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមនេះជា រូបមន្តបែបធម្មជាតិងាយៗ ដោះស្រាយបញ្ហា ឈឺកញ្ចឹងកឆាប់រហ័ស៖

ទី១. ទឹកខ្មេះផ្លែប៉ោម៖ តាមរយៈលក្ខណៈសម្បត្តិ ប្រឆាំងការរលាក និងជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ទឹកខ្មេះផ្លែប៉ោមអាចបំបាត់អាការៈ ឈឺកញ្ចឹងកបានយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ទឹកខ្មេះផ្លែប៉ោម ក៏មានផ្ទុកសម្បូរទៅដោយ សារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយបំបាត់ការឈឺចាប់ បណ្ដាលមកពីកង្វះ សារធាតុចិញ្ចឹមផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់ ក្រដាសជូតមាត់រឹង ឬកូនកន្សែងស្អាតមួយ ក្នុងទឹកខ្មេះផ្លែប៉ោម រួចដាក់ស្អំលើកញ្ចឹងកត្រង់ កន្លែងឈឺចាប់សម្រាប់រយៈពេលពី២ទៅ៣ម៉ោងជាការស្រេច។ អនុវត្តឲ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ រហូតដល់ឈប់ឈឺ។

ទី២. ងូតទឹកអំបិល Epsom៖ ការងូតទឹកអំបិល Epsom អាចជួយកាត់បន្ថយភាពតានតឹង, សម្រួលសាច់ដុំ និងបំបាត់នូវការឈឺចាប់ភ្លាមៗ។ អ្នកអាចរកទិញអំបិលនេះ បាននៅតាមផ្សារទំនើប។ អ្វីដែលអ្នកត្រូវធ្វើ គឺបន្ថែមអំបិល Epsom ចំនួន២ពែងក្នុងទឹកក្ដៅឧណ្ហសម្រាប់ងូត។ បន្ទាប់មកគេងត្រាំតំបន់ កញ្ចឹងកក្នុងទឹកអំបិលសម្រាប់ រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទី។ អនុវត្តរូបមន្តនេះជាប្រចាំ រហូតដល់បាត់ការឈឺចាប់។

ទី៣. ស្អំកម្ដៅ ឬស្អំទឹកកក៖ ការស្អំទឹកកក ឬស្អំកម្ដៅត្រង់កញ្ចឹងកកន្លែង ដែលទទួលរងការឈឺចាប់ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ ការស្អំកម្ដៅ និងការងូតទឹកក្ដៅឧណ្ហៗ គឺមានប្រសិទ្ធិភាពបំបាត់ការ ឈឺចាប់បានឆាប់រហ័សដូចគ្នា។

ទី៤. លំហាត់ប្រាណកញ្ចឹងក៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែធ្វើចលនា-ក យឺតៗពីក្រោយទៅមុខចំនួន៥ដង និងពីឆ្វេងទៅស្ដាំចំនួន៥ ដងដែរជាការស្រេច។ ចូរព្យាយាមអនុវត្តលំហាត់ប្រាណនេះ ឲ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើមានការឈឺចាប់ខ្លាំង កុំប្រឹងបន្តអនុវត្ត ហើយប្រញាប់ទៅជួប ពិគ្រោះជាមួយគ្រូពេទ្យ។

ទី៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ៖ ឌីសនៅចន្លោះឆ្អឹងខ្នងត្រូវការជាតិទឹក គ្រប់គ្រាន់ដើម្បីរក្សាការតម្រឹមឆ្អឹងខ្នង, កម្ពស់ឌីស និងកម្ចាត់សម្ពាធចេញពីឆ្អឹងខ្នង ក៏ដូចជាកាត់បន្ថយការ ឈឺចាប់ត្រង់កញ្ចឹងក។ ដូច្នេះចូរព្យាយាមទទួលទានទឹក ឲ្យបានច្រើនគ្រប់គ្រាន់ យ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ៕

ប្រភព៖ Health.com.kh

Loading...