អស់បារម្ភ! ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅកំពង់ស្ពឺ ចាប់ផ្ដើមដំណើរការហើយ ជួយបំពេញដល់ការខ្វះអគ្គិសនីប្រើប្រាស់

April 05, 2019 551

ភ្នំពេញ ៖ ស្ថានីយអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យ មានអានុភាព ៦០MW នៅត្មាតពង ខេត្តកំពង់ស្ពឺ នឹងបញ្ចេញថាមពល អគ្គិសនីមុនផែនការចំនួន ២០MW ដើម្បីជួយបំពេញដល់ការ ខ្វះអគ្គិសនីប្រើប្រាស់ នៅចុងរដូវប្រាំង ឆ្នាំ២០១៩នេះ។

យោងតាមការសន្និដ្ឋាន របស់គណៈប្រតិភូក្រសួងរ៉ែ និងថាមពល និងគណៈប្រតិភូអគ្គិសនីកម្ពុជា ដែលបានចុះទៅពិនិត្យប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យ មានទីតាំងនៅត្មាតពង ខេត្តកំពង់ស្ពឺ ទំហំ ៦០MW បន្ទាប់ពីបានធ្វើតេស្តសាកល្បង បញ្ជូនអគ្គិសនីចូលប្រព័ន្ធ បណ្តាញជាតិបានដោយសុវត្ថិភាព និងជោគជ័យ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់អាជ្ញាធរអគ្គិសនី បានបញ្ជាក់ថា “អ្នកបច្ចេកទេសជឿជាក់ថា ពួកគាត់អាចដាក់បញ្ចូល អគ្គិសនីចូលប្រព័ន្ធបណ្តាញជាតិ បានចំនួន ២០ មេហ្កាវ៉ាត់ទាំងស្រុងតែម្តង នៅដំណាក់កាលទី១ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩“។

សូមរំលឹកថា ឆ្លើយតបនឹងបញ្ហាខ្វះខាត អគ្គិសនីនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាទិញ អគ្គិសនីពីតួកគី ថៃ ឡាវ និងវៀតណាមជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញហេតុផលថា ដោយសារដើមឆ្នាំ២០១៩នេះ វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា មានកើនឡើងរហូតដល់ ៧០០% ដែលជាហេតុធ្វើឲ្យ ខ្វះខាតអគ្គិសនីប្រើប្រាស់ ។ ចំណែករដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ទី នរិន្ទ បានសន្យាថា ចាប់ពីឆ្នាំ២០២០តទៅ ក្រសួងរ៉ែ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត នឹងមានវិធានការណ៍ដោះស្រាយ មិនធ្វើឲ្យខ្វះអគ្គិសនី ប្រើប្រាស់ទៀតឡើយ៕

Loading...