បញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍លើក្បួនរថយន្តសម្តេចក្រុមព្រះ ទៅតុលាការចាត់ការតាមច្បាប់

June 18, 2018 443

ខេត្តព្រះសីហនុ ៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ នៅរសៀលថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្រេចបញ្ជូនជនដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បុកក្បួនរថ​យន្តសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ។

នគរបាលបានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ វ៉ុល សារ៉េត  អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនសណ្តាប់ ធ្នាប់ និងចរាចរណ៍ឲ្យដឹងថា «នេះជានីតិវិធីផ្លូវច្បាប់ ក្រោយសមត្ថកិច្ចរកឃើញថា ជន សង្ស័យ អ្នកបើកបររថយន្តតាក់ស៊ីរូបនេះ បង្កឲ្យមានជាគ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំ មួយ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា២០១៨ បណ្តាលឲ្យមានជនរងគ្រោះស្លាប់ និងរងរបួស »។

លោកឧត្តមសេនីយ៍ត្រីបញ្ជាក់បន្ថែមថា ករណីនេះ បើទោះជាជនសង្សយ័មានរបួស​យ៉ាង​ណាក៏ដោយក៏នីតិវិធីត្រូវតែធ្វើដែរ តាមរយៈការព្យាបាលផង និងអនុវត្តន៍និតិវិធីច្បាប់ផង ។ លោកបញ្ជាក់ទៀតថា ការសម្រេចចុងក្រោយគឺក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្ត ការសម្រេចក្តី គឺស្ថិតនៅលើចៅក្រមជាអ្នកសម្រេចតែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលអោយមានជនរងគ្រោះម្នាក់ស្លាប់ គឺអ្នក ម្នាង អ៊ុក ផល្លា និងមានជនរងគ្រោះ៦នាក់ទៀត ដែលជិះក្នុងរថយន្តទាំងសងខាង រង របួសធ្ងន់និងស្រាល ក្នុងនោះរួមមានទាំងសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិផងដែរ ដែល ទ្រង់ទទួលរងរបួសធ្ងន់ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ  ៕

Loading...