ជប៉ុន ស្នើសុំខ្ចីមូលដ្ឋានទ័ពអាកាសអាមេរិក Yokota ធ្វើជាកន្លែងទទួលអ្នកដំណើរ នៅកំឡុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០

April 20, 2019 140

តូក្យូ ៖ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩ បានចេញផ្សាយថា រដ្ឋាភិបាលជប៉ុន បានដាក់សំណើសុំប្រើប្រាស់មូលដ្ឋានមួយ របស់កងទ័ពអាកាសអាមេរិកនៅលើទឹកដីខ្លួន ទៅបម្រើដល់ជើងហោះហើរស៊ីវិល ក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ ឆ្នាំ២០២០ ដើម្បីជួយសម្រាលបន្ទុករបស់ អាកាសយានដ្ឋាន ដ៏មមាញឹកចំនួនពីររបស់ទីក្រុងតូក្យូ។

រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា ក្នុងអំឡុងព្រឹត្តិការណ៍អូឡាពិកនាឆ្នាំក្រោយ ព្រលានយន្តហោះអន្តរជាតិធំៗទាំងពិររបស់តូក្យូគឺ ណារីតា (Narita) និង ហាណេដា (Haneda) នឹងឈានដល់កម្រិតមមាញឹកខ្លាំងមែនទែន ខណៈបច្ចុប្បន្នពួកវាគឺជាអាកាសយានដ្ឋាន ដ៏វវល់ខ្លាំងរួចស្រាប់ទៅហើយ នៅលើពិភពលោក។ បើតាមស្ថិតិកាលពីឆ្នាំ២០១៧ អាកាសយានដ្ឋាន Narita មានអ្នកដំណើរឆ្លងកាត់ជាមធ្យម ១១១,៣១៨នាក់ក្នុងមួយថ្ងៃ រីឯ Haneda ក្នុងមួយថ្ងៃទទួលបន្ទុកជាទូទៅចំនួន ២៣៣,៩៩៧នាក់។

គួរជម្រាបថា ដោយទេសចរជាតិ និងអន្តរជាតិសរុបប្រហែល ១០លាននាក់ ត្រូវគេរំពឹងថា នឹងមានវត្តមាននៅទីក្រុងតូក្យូ ក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ទី២៥ ខែសីហា ព្រមទាំងអ្នកធ្វើដំណើរទស្សនាកម្សាន្ត ៤០លាននាក់បន្ថែមទៀតនោះ រដ្ឋាភិបាលជប៉ុនបានចំណាយឥតសំចៃនោះឡើយ ទៅលើការត្រៀមរៀបចំហេដ្ឋារចនា សម្ព័ន្ធរបស់ខ្លួន ដើម្បីទទួលភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ទាំងអស់នេះ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ឡើយ ទើបរដ្ឋាភិបាលជប៉ុនបានស្នើសុំ ប្រើប្រាស់មូលដ្ឋានទ័ពអាកាសដ៏ធំ យ៉ូកូតា (Yokota) របស់ទ័ពអាកាសអាមេរិក ដែលស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ៕

Loading...