សិស្សវិទ្យាល័យវត្តភ្នំម្នាក់ បែកគំនិតឆក់ទូរស័ព្ទជនបរទេស បានសម្រេច តែរត់មិនរួច ចុងក្រោយជាប់ខ្នោះប៉ូលិស

April 20, 2019 227

ភ្នំពេញ ៖ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំម្នាក់ បែកគំនិតធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ដ្រីជនជាតិបរទេសម្នាក់ បានសម្រេច តែរត់មិនសម្រេច ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា តាមចាប់ខ្លួនបានភ្លាមៗ នាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ឈ្មោះ ជ័យ វឌ្ឍនា អាយុ១៩ឆ្នាំ មុខរបបសិស្សថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF-5775។

ក្នុងនោះសមត្ថកិច្ចដកហូតបានទូរស័ព្ទមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ ឈ្មោះ ចាង ធីង ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅសណ្ឋាគា ស៊ីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

បច្ចុប្បន្ន ទូរស័ព្ទត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Loading...