យន្តហោះរុស្ស៊ី នឹងហោះអង្កេតពីលើទឹកដីសហរដ្ឋអាមេរិក ដោយអនុឡោមទៅតាមសន្ធិសញ្ញាអន្តរជាតិ

April 22, 2019 149

ម៉ូស្គូ ៖ សារព័ត៌មាន ក្រាស្នាយ៉ា ស្វេសដា (Krasnaya Zvezda) បានឲ្យដឹងថា ក្រុមអ្នកអង្កេតការណ៍យោធារុស្ស៊ីមួយក្រុម នឹងដឹកនាំប្រតិបត្តិការ ហោះអង្កេតការណ៍ពីលើដែនដីអាមេរិកចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៧ ខែមេសានេះ។

យោងតាម Krasnaya Zvezda ដោយផ្អែកលើការបញ្ជាក់ពីប្រធានមជ្ឈមណ្ឌលជាតិ សម្រាប់ការកាត់បន្ថយ ការគំរាមកំហែងនុយក្លេអ៊ែរ នៃក្រសួងការពារជាតិរុស្ស៊ី លោក ស៊ឺហ្គៃ រីសកូវ (Sergei Ryzhkov) ជើងហោះហើរនៃយន្ដហោះរុស្ស៊ី TU-214ON នឹងត្រូវធ្វើឡើងស្របទៅតាមសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការបើកចំហផ្ទៃមេឃ។ យន្ដហោះនេះនឹងត្រូវចាកចេញពីអាកាសយានដ្ឋាន រ៉ូសេក្រេនស៍ មេម៉ូរ៉ាល់ (Rosecrans Memorial Airport) ក្នុងរដ្ឋ មីស្សួរី (Missouri) ជាមួយចំងាយផ្លូវហោះហើរសរុប ៤,៨០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើតាមលោក Sergei Ryzhkov ប្រតិបត្តិការហោះហើរខាងលើ ត្រូវបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ហើយអ្នកជំនាញអាមេរិក ដែលស្ថិតនៅលើយន្ដហោះ TU-214ON នោះដែរ នឹងគ្រប់គ្រងលើការប្រើប្រាស់បរិក្ខាតាមដាន ឱ្យស្របទៅតាមសន្ធិសញ្ញាអន្តរជាតិ ស្ដីពីការបើកចំហផ្ទៃមេឃ។ នេះបើតាមការស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩៕

 

Loading...