ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើឡើងនៅខេត្តតាកែវ

April 25, 2019 70

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ (កីឡដ្ឋានគីរីវង់សុខសែនជ័យ) ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃពុធ៤រោច ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្រសួងទេសចរណ៍ បានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមេសានេះថា នាឱកាសដ៏មហោឡារិកនោះ នឹងមានរៀបចំតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្ម ក្នុងស្រុកឆ្នាំ២០១៩។ ព្រឹត្តិការណ៍បុណ្យប្រពៃណីនេះ ជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់កាន់តែច្បាស់ អំពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ដែលមានតាំងពី បុរាណកាលមក ពិសេស ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលជាពិធីប្រព្រឹត្តឡើងជាមង្គលឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចំការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិឲ្យបង្អុរទឹកភ្លៀងបរិបូរណ៌ តាមរដូវកាលបម្រើឲ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ នឹងរៀបចំស្តង់ពិព័រណ៍រូបភាព ដើម្បីបង្ហាញពីការរីកចម្រើន នៃវិស័យទេសចរណ៍កម្ពុជា ដែលមានកំណើនជាលំដាប់ ក៏ដូចជា ការតាំងបង្ហាញពីផលិតផលទេសចរណ៍ ពិសេស ផលិតផលកសិទេសចរណ៍ សម្រាប់ជូនទេសចរជាតិ និងអន្តរជាតិ ទស្សនាក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ” និងចលនាប្រលងប្រណាំង “ទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អបដិសណ្ឋារកិច្ចល្អ” ឲ្យកាន់តែទូលំទូលាយថែមទៀត៕

Loading...