លោក សុខ ឥសាន៖ បើគ្មានគោលនយោបាយការបរទេសត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ច្បាស់ជាគ្មានឱកាសទៅធ្វើការនៅប្រទេសកូរ៉េឡើយ

April 29, 2019 106

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា បើគ្មានគោលនយោបាយការបរទេសត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជានោះទេ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ច្បាស់ជាគ្មានឱកាសបានទៅធ្វើការនៅប្រទេសកូរ៉េឡើយ។

លោក សុខ ឥសាន បានឲ្យដឹងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ថា ពីមុនមករាប់សិបឆ្នាំ ចាប់ពីប្រទេសកូរ៉េ បានឯករាជ្យ និងចាប់ពីប្រទេសកម្ពុជាបានឯករាជ្យ នាឆ្នាំ១៩៥៣មក ទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ មិនទាន់មាននៅឡើយ ទោះបីប្រទេសកូរ៉េខាងត្បូង ជាសមាជិកអង្គការសហប្រជាជាតិ ដូចប្រទេសកូរ៉េខាងជើងដែរក៏ដោយ។ លោកបន្តថា តែមកដល់ទសវត្សរ៏ឆ្នាំ១៩៩០ ដោយសារស្នាដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបប្រទេសទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា រហូតមកដល់បច្ចុប្បន្ននេះ។

លោកឲ្យដឹងទៀតថា ដោយសារមានទំនាក់ទំនងការទូតនេះហើយ ទើបកម្ពុជាអាចមានលទ្ធភាពបញ្ជូនពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលបានប្រាក់ឈ្នួលខ្ពស់អាចមានលទ្ធភាពផ្ញើមកជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារនៅក្នុងប្រទេសបានល្អប្រសើរដូចសព្វថ្ងៃ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសកូរ៉េ កុំភ្លេចគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ឲ្យសោះ។ លោកបញ្ជាក់ថា ការទៅប្រឡងធ្វើតេស្ត និងបំពេញបែបបទផ្សេងៗ ដើម្បីទៅប្រទេសកូរ៉េ គ្រាន់តែជានីតិវិធីតែប៉ុណ្ណោះ។

លោកបន្ថែមថា “ដូច្នេះ បើគ្មានគោលនយោបាយ ការបរទេសត្រឹមត្រូវរបស់រាជរដ្ឋភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជាទេ ពលករខ្មែររាប់ម៉ឺននាក់ច្បាស់ជាគ្មានឱកាសមានមុខបានទៅធ្វើការនៅប្រទេសកូរ៉េជាដាច់ខាត“៕

Loading...