ក្ដៅៗ! បុរសជនជាតិចិនម្នាក់ ស្ពាយគ្រាប់បែកច្នៃ ចូលហាងលក់គុជ "ហឺហឺ" ប៉ុនប៉ងបំផ្ទុះ ត្រូវប៉ូលិសចាប់ខ្លួនហើយ

May 01, 2019 406

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ ស្ពាយកាបូបដាក់វត្ថុម្យ៉ាង ដែលសង្ស័យជាគ្រាប់បែក ចូលហាងជនជាតិចិនលក់គុជ "ហឺហឺ" កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះជួលផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើដល់ពលរដ្ឋភ័យស្លន់ស្លោ រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅអន្តរាគមន៍ភ្លាមៗ។

រហូតដល់វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ចុះទៅឃាត់ខ្លួនបានហើយ រួមជាមួយវត្ថុតាង ដុំរមូ សង្ស័យជារំសេវផ្ទុះ ត្រូវបានដកហូតយកចេញ រួចនាំទៅប៉ុស្តិ៍ចោមចៅ១ ចំណែកជនជាតិចិន ចំនួន៤នាក់ផ្សេងទៀត ស្នាក់នៅក្នុងផ្ទះនោះ ក៏សមត្ថកិច្ចហៅនាំទៅសាកសួរដែរ។

បច្ចុប្បន្ន លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសជនជាតិចិនរូបនេះ នៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់។

ខណៈពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការបន្ដទៀត៕

Loading...