តុលាការក្រុងភ្នំពេញ ចោទប្រកាន់ជនដៃដល់ ឌួង ណាគ្រី រឿងបាញ់៥គ្រាប់នៅច្បារអំពៅ ត្រូវជាប់គុកពី១០ឆ្នាំទៅ១៥ឆ្នាំ

May 04, 2019 118

ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ បានសម្រេចចោទប្រកាន់លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាផ្លូវការហើយ ពាក់ព័ន្ធការបាញ់ ចំនួន៥គ្រាប់ នៅខណ្ឌច្បារអំពៅ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា "តំណាងអយ្យការបាន សម្រេចបើកការស៊ើបសួរដោយចោទប្រកាប់ពីបទ ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត"។

បច្ចុប្បន្ន ជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន។

មាត្រា២៧ នៃក្រមព្រហ្មទណ្ឌចែងថា "ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិមអាចត្រូវផ្តន្ទាទោសបានកាលណាលក្ខខ័ណ្ឌខាងក្រោមនេះត្រូវបានបំពេញ៖

ទី១- ចារី បានចាប់ផ្ដើមអនុវត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើសនិងចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញ ដោយស្ម័គ្រចិត្តតែត្រូវបានរាំងស្ទះ ឬអាក់ខានដោយឥទ្ធិពល នៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្ដើមអនុវត្តទេ។ ការប៉ុនប៉ងក្នុងបទលហុពុំទទួលការផ្តន្ទាទោសទេ។

មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌចែងថា "អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាតកម្មគិតទុកជាមុន)ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្មអំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០ឆ្នាំទៅ១៥ឆ្នាំ៕

Loading...