ជប៉ុន-អាមេរិក ព្រមព្រៀងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង

May 08, 2019 107

តូក្យូ ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានយល់ស្របគ្នា ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា ប្រទេសទាំងពីរ នឹងស្វែងរកការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៅឧបទ្វីបកូរ៉េ តាមរយៈការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទ្វេភាគី បន្ទាប់ពីការបាញ់សាកល្បងថ្មី របស់ទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍កន្លងទៅ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីការសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ បានឲ្យដឹងថា អ្នកឯកទេសជប៉ុន និងអាមេរិក នឹងវិភាគនូវលក្ខណៈនៃគ្រាប់ផ្លោងរបស់កូរ៉េខាងជើង ហើយថាលោកនៅតែមានឆន្ទៈ ដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខ័ណ្ឌ។

លោក អាបេ បានបញ្ជាក់ថា "លោកប្រធានាធិបតី ត្រាំ និងខ្ញុំ បានយល់ស្របទាំងស្រុង លើគ្រប់ទិដ្ឋភាពទាំងអស់ នៃរបៀបដែលយើងគួរតែដោះស្រាយជាមួយកូរ៉េខាងជើង យើងស្ថិតនៅលើទំព័រដដែលនេះ ដែលយើងនឹងស្វែងរកឲ្យមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង លើការដកអាវុធនុយក្លេអ៊ែរ ដែលបានអនុវត្តយ៉ាងលឿន"៕

Loading...