មិនព្រមទៅវត្ត! ចាប់ខ្លួនតាចាស់ម្នាក់ ជាមុខសញ្ញជួញដូរថ្នាំញៀនប្រចាំខេត្តកណ្ដាល រួមនិងគ្រឿងញៀន៤៩កញ្ចប់

May 22, 2019 104

កណ្តាល ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាលបែកចាន ក្រាំងម្កាក់ និងឆក់ឈើនាង ចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ១ករណី ចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃអង្គារ៍ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ សែម វិសាល ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានចំនួន២នាក់ ក្នុងនោះឃាត់ខ្លួនបានម្នាក់ ឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ សព្វថ្ងៃរស់នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ពីបទប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់។ ចំណែកជនសង្ស័យជាម្ចាស់ផ្ទះរត់គេចខ្លួន ឈ្មោះ សែម វិសាល ភេទប្រុស ជនជាតិខ្មែរ អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ/ឃុំកើតហេតុ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងជាមុខសញ្ញាសកម្មក្នុងមូលដ្ឋាន។ រីឯវត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៤៩កញ្ចប់តូច, កាបូបដាក់ថ្នាំញៀន១, ថង់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានបាន ទទួលព័ត៌មានពីមហាជនល្អថាមាន មុខសញ្ញាកំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅចំណុចផ្ទះកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិរដ្ឋបាលបែកចានបានសហការជាមួយផ្នែកជំនាញ នគរបាលប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល ប៉ុស្តិ៍ក្រាំងម្កាក់ និងប៉ុស្តិ៍ឆក់ឈើនាងចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ សៅ វិចិត្រ ភេទប្រុស ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ចំណែកជនសង្ស័យជាម្ចាស់ផ្ទះជួញដូរថ្នាំញៀនរត់គេចខ្លួនបាត់។

បន្ទាប់មកដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងដឹកនាំសម្របសម្រួលដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងបានទទួលការឯកភាពពីលោកព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកមេភូមិ នគរបាលប៉ុស្តិ៍ និងនៅចំពោះមុខជនសង្ស័យ ឈ្មោះ សៅ វិចិត្រ កម្លាំងជំនាញបានធ្វើការឆែកត្រួតពិនិត្យផ្ទះជនសង្ស័យឈ្មោះ សែម វិសាល ឃើញមានថ្នាំញៀនចំនួន៤៩កញ្ចប់តូច ដាក់នៅក្នុងកាបូបដៃ ថង់វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...